ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៣៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចសំណង់ផ្ទះល្វែងមួយកន្លែង ក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានករណីកម្មករសំណង់ម្នាក់ ខណៈកំពុងធ្វើការងារ ទាញដែកសរសៃឡើងទៅជាន់ទី២ ដើម្បីត្រៀមចាក់ប្លង់សេ មិនប្រយ័ត្នកន្ទុយដែកវ័ធប៉ះនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងចរន្តឆក់ របួសរលាក រលាត់ឆេះពេញខ្លួន។
ជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង៣០ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ។
តាមសម្តីកម្មករបម្រើការងារ នៅការដ្ឋានខាងលើ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករផ្សេងទៀតសរុប៤នាក់ ធ្វើការងារទាញយកដែកសរសៃ ឡើងទៅជាន់ទី២ ដើម្បីត្រៀមរៀបចំចង ចាក់ ប្លង់សេ ហើយជនរងគ្រោះ ខណៈដែលទាញយកដែកនោះ ស្រាប់តែកន្ទុយដែកវ័ធទៅប៉ះនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងចរន្តផ្ទុះឆក់ ជនរងគ្រោះរងរបួសធ្ងន់ ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗត្រូវបានកម្មករ ធ្វើការជាមួយគ្នា ជួយសែងចុះមកក្រោម ហៅរករថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋានចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ ដើម្បី រកមូលហេតុច្បាស់លាស់៕




មតិយោបល់