ភ្នំពេញៈ ជនជាតិចិនប្រុសស្រី២នាក់ ជិះម៉ូតូកូនទាដឹកគ្នា ធ្វើដំណើរតាមផ្លូវ មិនប្រយ័ត្ន ក៏ត្រូវបានរថយន្តNT200 បើកបុកពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុចក្បែរនឹងស្ពានអាកាសពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញបុរសស្ត្រី ២នាក់ជាជនជាតិចិន ជិះម៉ូតូកូនទា ពណ៌ស ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IC-0552 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ ៥៩៨។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកNT200 ពណ៌ស ពាក់ផ្លាក
លេខ ភ្នំពេញ 2B-C5979 ធ្វើដំណើរស្របទិសគ្នា បានមកបុកគូទនឹងម៉ូតូកូនទា បណ្តាលឲ្យដួលរបួសធ្ងន់ ស្ត្រីជនជាតិចិនម្នាក់ ដែលអង្គុយពីក្រោយ និងបុរសជាអ្នកឌុប រងរបួសស្រាល ចំណែកម៉ូតូរងការខូចខាត។
ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួន ទាំងខូចខាតបែកកង់មុខ និងបាក់កញ្ចក់រថយន្តចំហៀងខាងឆ្វេង ដោយបើករត់ទៅដល់ចំណុចផ្លូវ២៧១ កែងផ្លូវ២០០៤ ក៏ត្រូវប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចឃាត់បាន រីឯជនរងគ្រោះ២នាក់នោះវិញ ត្រូវបានរថយន្តសង្គ្រោះមកដល់ហើយ តែមិនព្រមទៅពេទ្យទេ រង់ចាំសាច់ញាតិបងប្អូន មកទទួលយកទៅផ្ទះ។
ក្រោយកើតហេតុ រថយន្តបង្ករួមនឹងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការវាសវែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕
មតិយោបល់