ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿង បើកបុកក្បាលស្ពាន បណ្តាលឲ្យរងការខូចខាត បាក់បង្កាន់ដៃស្ពានចំនួន៤ផ្ទាំង

ព្រៃវែង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្បាលស្ពាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី ត្រង់ចំណុចក្បាលស្ពានខាងជើង ស្ថិតនៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង លើផ្លូវក្រាលកៅស៊ូ ។

មានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D 6858 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយមានអ្នករួមដំណើរលើរថយន្តចំនួន២នាក់៖ ១.ឈ្មោះ យ៉ាន់ ប៊ុនយីម (ហៅបូរា) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ២.ឈ្មោះ រឹម សុខរឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។ អ្នកទាំងពីរជាកម្មករថ្លឹងត្រី ។ បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានជ្រុលទៅបុកចំក្បាលស្ពានផ្នែកខាងលិច បណ្ដាលឱ្យបាក់បង្កាន់ដៃស្ពានចំនួន៤ផ្ទាំង ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការ ទាក់ទងទៅរថយន្តស្ទូច ដើម្បីស្ទូចចេញបញ្ចៀសពីការស្ទះចរាចរណ៍ ចំណែកអ្នករួមដំណើរ០២នាក់ សមត្ថកិច្ចបានធ្វើការសាកសួរពីដំណើររឿងនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ៕

មតិយោបល់