ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison ថាមិនដែលនិយាយកុហកឡើយ ចាប់តាំងពីប្រឡូកចូលឆាកនយោបាយ

(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថាលោកមិនដែលបាននិយាយកុហកម្ដងណាឡើយ ចាប់តាំងពីលោកជាប់ឆ្នោតជាតំណារាស្ត្រកាលពី ឆ្នាំ២០០៧មក ហើយនេះជាការច្រានចោលទៅនឹងការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលបានចោទរូបលោកថាបាននិយាយកុហកពាក់ព័ន្ធនឹង ការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក នៅក្រោមសម្ព័ន្ធ AUKUS។

បារាំងបានអះអាងថាអូស្រ្ដាលីមិនបានជូនដំណឹងជាមុនលើការលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីខ្លួននោះទេ រហូតដល់ថ្ងៃដែលទីក្រុងកង់បេរ៉ាប្រកាសពី ការសម្រេចចិត្ត នៅក្រោមកិច្ចព្រមព្រៀងថ្មីជាមួយអាមេរិក និងអង់គ្លេស ដែលនេះត្រូវបានទីក្រុងប៉ារីសចោទថាជាទង្វើលួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង។

ប៉ុន្តែ លោក ម៉ូរីសុន បានបដិសេធការលើកឡើងបែបនេះដោយលោកបញ្ជាក់ថាលោកបានជូនដំណឹងដល់លោក ម៉ាក្រុង មួយសប្ដាហ៍មុននឹងការប្រកាសពីការលុបចោល កិច្ចសន្យាទិញនាវាមុជទឹកពីបារាំង។ លោក ម៉ូរីសុន បញ្ជាក់ថានាវាមុជទឹកបារាំងដើរដោយម៉ាស៊ូតមិនអាចបំពេញតាមតម្រូវចាំបាច់នៃផលប្រយោជន៍អូស្ត្រាលី ដូចជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ ហើយការសម្រេចចិត្តរបស់លោកឈរលើផលប្រយោជន៍ជាតិ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់