ព័ត៌មានជាតិ

រថយន្ត Mazda បុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល៩នាក់

ស្ទឹងត្រែង: កាលពីវេលាម៉ោង១៧និង៥៣នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត១គ្រឿង បើកបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន០៩នាក់ ស្ថិតនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ជនបើករថយន្តបង្កឈ្មោះ ព្រីង ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុនរបរជាអាជីវករ មានទីលំនៅរាជធានីភ្នំពេញ ។ ចំណែកភាគីរងគ្រោះបើកគោយន្តកន្ត្រៃឈ្មោះ ប៉ាង ព្រឹត្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ មានរថយន្តបង្កម៉ាក Mazda ពណ៌ត្រាវ ពាក់ផ្លាកលេខភ្នំពេញ 2AZ 1057 ទិសដៅពីលិចទៅកើត បើកយ៉ាងលឿន ទៅបុកគោយន្តកន្ត្រៃម៉ាកគូបូតា ពណ៌ក្រហម ទិសដៅបញ្ច្រាសគ្នា ពេញទំហឹង បណ្តាលឲ្យអ្នកជិះនៅលើគោយន្តកន្ត្រៃចំនួន១៣នាក់ រងរបួសធ្ងន់-ស្រាលចំនួន៩នាក់ ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង៩នាក់ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្ទឹងត្រែង ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យ វាស់វែង វត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំភាគីទាំងសងខាង ដោះស្រាយគ្នា តាមនីតិវិធី ៕

មតិយោបល់