ព័ត៌មានជាតិ

ស្លាប់ប្ដី ប្រពន្ធរបួស បន្ទាប់ពីត្រូវរថយន្តផ្លាកលេខ ភ្នំពេញ 2AX-9492 បើកបុក នៅស្រុកត្បែងមានជ័យ

ព្រះវិហារ: មានករណីគ្រោះថ្នាក់ចរណ៍ កើតឡើងមួយ រវាងរថយន្ត និង ម៉ូតូរ៉ឺម៉កលក់ទឹកអំពៅ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើររបួសស្រាល នាវេលាម៉ោង១ និង ៤៥ នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ១១២-១១៣ (បេងកោង) ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AX-៩៤៩២ ខូចខាតធ្ងន់ផ្នែកខាងមុខ
អ្នកបើកបរ បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះឈ្មោះ ហង្ស ស៊ាង ហាក់ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បើកបរម៉ូតូម៉ាកកូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ 1D-3032 សណ្តោងរ៉ឺម៉កលក់ទឹកអំពៅ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ ស៊ឹម សៀ ភេទស្រី អាយុ ២០ឆ្នាំ របួសស្រាល ត្រូវជាប្រពន្ធសាកសព ។

ដំណើររឿង៖ នៅមុនកើតហេតុម៉ូតូសណ្តោងរ៉ឺម៉កលក់ទឹកអំពៅ បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្ត១គ្រឿង ហើយបានជ្រុលចូលគន្លងរថយន្តបង្ក ដែលបើកមកពីទិសបញ្ច្រាស់ ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

ក្រោយកើតហេតុសព ត្រូវបានប្រគល់ជូនបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី និងបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ ចំណែកវត្ថុតាង សមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ដើម្បីចាត់ការនិតិវិធី៕

 

 

មតិយោបល់