ព័ត៌មានជាតិ

កុមារីម្នាក់បាត់បង់ជីវិតដោយលង់ទឹកស្រះ ខណៈតាមឪពុកម្តាយទៅដាំដំឡូងមី

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រីម្នាក់បានបាត់បង់ជីវិតដោយលង់ទឹកស្រះ ចន្លោះម៉ោង១១និង២០នាទី ដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ខណ:ពេលតាមឪពុកម្តាយទៅដាំដំឡូងមី នៅចំណុចចម្ការគោកថ្លាត ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ខាងលិចភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលបានឲ្យដឹងថា ៖ កុមារីរងគ្រោះ ឈ្មោះ ចី សុគា អាយុ១០ឆ្នាំ មានឪពុកឈ្មោះ ទៀញ ខ្ចី អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ ឡី ស្រីអៀប អាយុ២៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា ៖ តាមការរៀបរាប់ពីឪពុកម្តាយក្មេងស្រីរងគ្រោះ ប្រាប់សមត្ថកិច្ចថា ៖ មុនពេលកើតហេតុ កុមារីរងគ្រោះបានតាមពួកគាត់ទៅដាំដំឡូងមី នៅចំណុចចម្ការគោកថ្លាត ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ខាងលិចភូមិបន្ទាយឆ្មារលិច ។នៅពេលពួកគាត់កំពុងតែដាំដំឡូង មិនបានដឹងថា កូនស្រីនោះបានចុះងូតទឹកក្បែរនោះទេ ក្រោយពីបាត់កូនបានដើររកក៏ប្រទះឃើញស្លាប់ក្នុងទឹកស្រះ មិនដឹងលង់ស្លាប់ពីស្មើណានោះឡើយ ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញ ជាមួយកម្លាំងប៉ុស្តិ៍សហការជាមួយគ្រូពេទ្យ អាជ្ញាធរ ភូមិ/ឃុំ ចុះពិនិត្យដល់កន្លែងកើតហេតុ តាមការបញ្ជាក់ពីក្រុមការងារត្រួតពិនិត្យរួចសន្និដ្ឋានថា ក្មេងស្រីពិតជាស្លាប់ដោយសារលង់ទឹក មិនមានស្លាកស្នាមទាក់ទងនឹងឃាតកម្មនោះឡើយ៕

 

មតិយោបល់