ភ្នំពេញៈ លោកស្រី Bu Jiagua ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ បានថ្លែងអះអាងថា បើទោះបីជាអ្នកស្រីអស់បេសកកម្មការងារនៅកម្ពុជា តែអ្នកស្រីសន្យាថា នឹងនៅបន្តស្មគ្រ័ចិត្តធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ដើម្បីជួយផ្សព្វផ្សាយអូសទាញអ្នកវិនិយោគិន និងអ្នកទេសចរណ៍ចិនឲ្យមករកស៊ី និងដំណើរកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ការសន្យារបស់លោកស្រី Bu Jiagua ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសមនិងជម្រាបលាលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការគណរដ្ឋមន្ត្រី ។
លោកស្រី Bu Jiagua បានលើកឡើងថា បេសកកម្មការទូតរបស់អ្នកស្រីរយះពេល៣ឆ្នាំនៅកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនភាព ហើយអ្វីដែលទទួលបាននោះគឺអាស្រ័យដោយមានការទំនាក់ទំនងនិងគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។ លោកស្រីអះអាងថា បើទោះជាលោកស្រីចាកចេញពីកម្ពុជា ប៉ុន្តែលោកស្រីនឹងបន្តជួយកម្ពុជា ដោយស្មគ្រ័ចិត្តធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ដើម្បីអូសទាញអ្នកវិនិយោគនិងអ្នកទេសចរណ៍ឲ្យមករកស៊ីនិងទស្សនាកម្ពុជាបន្តទៀត ។
លោកស្រី Bu Jiagua ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ឆ្នាំ២០១៦នេះ នឹងមានអ្នកទេសចរណ៍ចិនកាន់តែច្រើនថែមទៀតមកទស្សនាកម្ពុជា បើប្រៀបធៀបឆ្នាំ២០១៥ កន្លងទៅ ព្រោះថា តាមទស្សនរបស់ប្រជាជនចិនគ្រប់រូបគឺគេមើលឃើញនិងចាត់កម្ពុជាជាមិត្តដ៏ល្អរបស់ចិន ហើយកម្ពុជាមានសក្កានុពលខ្លាំងលើវិស័យទេសចរណ៍ថែមទៀត ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃបេសកកម្មការទូតរយះពេល៣ឆ្នាំ នៅកម្ពុជារបស់លោកស្រី Bu Jiagua ដែលបានរួមចំណែកធ្វើឲ្យទំនាក់ទំនងការទូត សំខាន់ទំនាក់ទំនងនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា កាន់តែប្រសើរឡើង ដោយឡែកការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់នូវចំណុច២ ដែលសំខាន់រួមមាន ការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ សំខាន់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសចិនកាន់តែច្រើនជាងមុនក្នុងអំឡុងពេលនៃអាណត្តិរបស់លោកស្រី ។ ចំណុចមួយទៀតនោះ គឺការបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ភាពចំណេញកាន់តែច្រើនទាំងភាគីចិននិងភាគីកម្ពុជា៕
មតិយោបល់