កំពង់ធំៈ បុរសម្នាក់បានទទួលរងរបួសធ្ងន់ធ្ងរ ដោយសាររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ថោង ស៊ីង បើកបុកពីក្រោយយ៉ាងពេញទំហឹង ខណៈគាត់កំពុងបើកម៉ូតូកង់បីនៅតាមដងផ្លូវ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៥នាទី ល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ គា ផល អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិរការ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បើកបរម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង មិនមានស្លាកលេខ។ ចំណែកភាគីរថយន្តបង្ក ជារថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ថោង ស៊ីង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានគេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តធុនធំ ប្រភេទដឹកភ្ញៀវទេសចរណ៍ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 3A13 53 ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនកើតហេតុគេឃើញរថយន្តបង្កបើកបរតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងទិសដោពីត្បូងទៅជើង លុះមកដល់ត្រង់ ចំណុចកើតហេតុ បានបុកម៉ូតូរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង បណ្តាលអ្នកបើករ៉ឺម៉ក ខ្ទាតធ្លាក់បោកផ្ទប់ទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានប្រមូលវត្ថុតាងទាំង២ មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូន មកសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ជារឿយៗគេសង្កេតឃើញថា រថយន្តរបស់ក្រុមហ៊ុន ថោង ស៊ីង ដឹកភ្ញៀវទេសចរតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ និងរបួសជាបន្តបន្ទាប់ ហើយក្រុមហ៊ុននេះ មិនដែលរាងចាលម្ដងនោះទេ៕
មតិយោបល់