ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះរបស់មន្ត្រីបម្រើការងារ នៅសាលាខេត្តរតនគិរី

រតនគិរី: យោងតាមផេកទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទី មានករណីចោរកម្មមួយ កើតឡើងត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ គុជ ចិន្តា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីបម្រើការងារ នៅសាលាខេត្តរតនគិរី ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

បើយោងតាមរបាយការណ៍គណ:បញ្ជាការឯកភាពក្រុងបានលុង ឲ្យដឹងថា៖
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ឡាបានសៀក បានចុះធ្វើ ការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផែន ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរមិនពិតប្រាកដ។

ដោយធ្វើការដកហូតបានសម្ភារ: និងទ្រព្យ សម្បត្តិ ដែលត្រូវបានលួចមួយចំនួនរួមមាន៖
១. ខ្សែកផ្លាទីន ០១ខ្សែ
២. ចិញ្ចៀនផ្លាទីន ០១វង់ (ដាំត្បូង)
៣. ចិញ្ចៀនពេជ្រ ០១វង់
៤. ទូរស័ព្ទដៃម៉ាក Oppo F5 ០១គ្រឿង ពណ៌ក្រហម
៥.លុយដុល្លារ ចំនួន ៣០០ដុល្លារ
៦.លុយខ្មែរ ចំនួន ជាង១លានរៀល
៧.សម្លៀកបំពាក់កូនក្មេងស្រី ទើបទិញថ្មីមួយចំនួន
៨.កាបូបដៃស្រីម៉ាក LV ចំនួន០១ កាបូបដាក់កុំព្យូទ័រយួរដៃចំនួន០២ និងឯកសារមួយចំនួន ទៀត។

ដោយមានការសម្របសម្រួលនិតិវិធី ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តរតនគិរី បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីស្រាវជ្រាវបន្ត និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់