ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ប្រទះឃើញបុរសម្នាក់ ដេកសន្លប់លើម៉ូតូកង់បី សង្ស័យត្រូវគេដាក់ថ្នាំសណ្តំ

ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលកាំកូស៊ីធី ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មានករណីបុរសអ្នករត់កង់បីម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកសន្លប់ លើម៉ូតូកង់បី សង្ស័យត្រូវគេដាក់ថ្នាំសណ្តំ។

បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាអ្នករត់កង់បី ម៉ាកTVS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HU-5440។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ជាអ្នកលក់ឆាខ្វៃដែលនៅរំលងពីកន្លែងកើតហេតុមួយផ្លូវ បានឲ្យដឹងថា នៅមុនកើតហេតុ គឺនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ គាត់ឃើញបុរសខាងលើ ដឹកស្ត្រីម្នាក់ស្លៀករ៉ូប (ឈុតសម្រាប់គេងពណ៌ស្វាយមានផ្កា) ធ្វើដំណើរពីត្បូងមកជើង។ លុះមកដល់ចំណុចកើតហេតុ បានឈប់កង់បីបុរសអ្នកបើកកង់បី បានទារលុយថ្លៃដឹកពីស្ត្រីខាងលើ តែមិនបានក៏ឈ្លោះប្រកែកគ្នាមួយប្រាវ បន្ទាប់មកបុរសអ្នកបើកកង់បី ក៏ស្ងាត់មាត់ឈឹងសន្លប់ស្តូក នៅលើម៉ូតូកង់បីរបស់ខ្លួន។ មួយសន្ទុះក្រោយមកឃើញនារីនោះ ចេញពីម៉ូតូកង់បី ហើយឱបរឹតបុរសនោះ រួចក៏ដើរចេញពីកន្លែងកើតហេតុ ដោយដៃមានយួរថង់ចំនួន២ ដើរសំដៅទៅម្តុំអង់តែនទួលគោកបាត់ស្រមោល។ ចំណែកបុរសខាងលើ បន្តដេកសន្លប់រហូត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ហើយបានហៅរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែត ដឹកបុរសខាងលើ ទៅសង្គ្រោះ ចំណែកកង់បី ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីរង់ចាំជនរងគ្រោះ ឬសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយប្រគល់ឲ្យវិញ៕

មតិយោបល់