ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរបន្តដំណើរ នាំគ្រោះថ្នាក់! រថយន្តលុចស៊ីស GS300 បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ រងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១២ កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ផ្នែកខាងកើត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីគ្រោះថ្នាក់ចរណ៍ រថយន្តលុចស៊ីស GS300 ១គ្រឿងបើកលឿន រេចង្កូតបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតកទៅមុខលែងរួច៕

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកលុចស៊ីស GS300 ពណ៌ស ពាក់ផ្លាលេខ ភ្នំពេញ 2AT-8571 បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយខាងលើ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបម្រុង បើកឆ្ពោះឡើងស្ពានអាកាសផ្សារដីហុយ ខណៈនោះស្រាប់រថយន្តជ្រុលចង្កូតទៅខាងស្ដាំ រួចក៏ជ្រុលទៅ បុកបង្កាន់អាកាសពេញទំហឹង បណ្តាលឲ្យបង្កាន់ដៃស្ពានរងការខូចខាត។ ចំណែករថយន្តបង្កបានខូចខាត ដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំ ទៅមុខលែង។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្ត ចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់សម្រោល តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់