ព័ត៌មានជាតិ

នគរបាលជំនាញស្រាវជ្រាវរកជនដៃដល់ ក្រោយពីយកដុំថ្មគប់រថយន្តដឹកប្រេងក្រុមហ៊ុនតេលា ខូចខាតយ៉ាងដំណំ

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលជំនាញស្រុកពញាឮ ធ្វើការស្រាវជ្រាវរកជនដៃដល់ស្គាល់អត្តសញ្ញាណ ២នាក់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា រួចយកដុំថ្មគប់ទៅលើរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលា បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី​ តាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០_ ៣១ ភូមិ ពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា៖ រថយន្តទទួលរងការខូចខាតម៉ាកSHACMAN ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣E ៧២២២ បើកបរដោយឈ្មោះ ហួន សុភណ្ឌ័ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា.មានទីលំនៅភូមិបឹងកុក២ ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម​។ ចំណែកជនសង្ស័យ២នាក់ពុំស្គាល់អត្តសញ្ញាណ ។

ប្រភពដដែលបន្តថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ​បានបើករថយន្តស៊ីទែនដឹកប្រេងឥន្ធនះ របស់ក្រុមហ៊ុនតេលា ត្រឡប់មកពីដឹកប្រេងដាក់ឲ្យគេ នៅស្រុកមេមត់ ខេត្តកំពង់ចាម លុះត្រលប់មកវិញ ជនរងគ្រោះបានបើករថយន្តចូលតាមផ្លូវជាតិលេខ៦១ ឆ្ពោះមកស្ពានព្រែកក្តាម ខណ:មកដល់ស្ពានព្រែកក្តាម ជនរងគ្រោះ បានបើករថយន្តចុះតាមខ្នែងស្ពានខាងស្តាំមកផ្លូវជាតិលេខ៥ ឆ្ពោះទៅផ្លូវជាតិលេខ៥១ ក្នុងគោលបំណងបើកទៅឃ្លាំងស្តុកប្រេងឥន្ធនះនៅភូមិល្វា ឃុំទំនប់ធំ​ ស្រុកពញាឮ ។
លុះពេលជនរងគ្រោះបើករថយន្តមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌុបគ្នាមិនស្គាល់ម៉ាកម៉ូតូ មិនស្គាល់ភិនភាគ ភេទប្រុស មកពីទិសខាងជើង បញ្រ្ចាស់និងរថយន្តរបស់ជនរងគ្រោះ ខណ:ពេលនោះជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយមានពាក់អាវធំ និងពាក់មួកសុវត្ថិភាព បានគប់ដុំថ្ម ទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះផ្នែកខាងមុខ បណ្តាលឲ្យបែកធ្លុះ ព្រមទាំងធ្លាយទៅធ្លុះបែកដល់កញ្ចក់ផ្នែកខាងក្រោយ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៥ទៅទិសខាងត្បូងបាត់ទៅ ។ លុះព្រឹកឡើង​ ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី​ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង​ ចំពោះករណីខាងលើកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍កំពង់លួង កំពុងចុះស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ៕

មតិយោបល់