កំពង់ធំៈ ជារៀងរាល់ថ្ងៃបទល្មើសព្រៃឈើនៅតែបន្តដឹកដូចភ្លៀងរលឹមនៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយសារតែរដ្ឋបាលព្រៃឈើឃុំទំរីងបើកភ្លើងខៀវ ឲ្យឈ្មូញទាំងនោះដឹកទាំងយប់ទាំងថ្ងៃ ដោយការអនុវត្តច្បាប់របស់ជំនាញរដ្ឋាបាលព្រៃឈើ និងអង្គភាពបរិស្ថាន ត្រូវបានគេរិះគន់យ៉ាងចំៗថា គឺធ្វើឡើងដោយការប្រកាន់បក្ខពួក។
លោក ឡង់ គីសឹង អភិបាលស្រុកសណ្ដាន់បានអនុវត្តការបង្រ្កាបបទល្មើសព្រៃឈើយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងបានបញ្ជាកម្លាំងឲ្យសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើ ធ្វើការឃាត់រថយន្តមួយគ្រឿង ប្រភេទឡានកូរ៉េក្បាលសពាក់ស្លាកលេខកំពង់ធំ 3A -1846ដឹកឈើប្រភេទលេខ២ដែលមានចំនួនជាងបីម៉ែត្រគូបនៅចំណុច ភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ខេត្ដកំពង់ធំ វេលាម៉ោង០៥ និង១០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ដែលរថយន្តរបស់ ចែ សឿន ជាឈ្មួញដុះស្លែម្នាក់បានធ្វើសកម្មភាពយូរមកហើយ ដែលត្រូវបានគេដឹងថា ជាអ្នកចិញ្ចឹមឆ្នាំងបាយរបស់មេព្រៃរាប់សិបឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះអ្នកស្រុកដឹកឈើបន្តិចបន្តួចយកទៅធ្វើផ្ទះ បែរជាសមត្ថកិច្ចគំរាមចាប់ ចំណែកឯឈ្មួញធំៗ ដឹកឈើយកទៅលក់ឡើងរូងដី តែពុំមានមន្រ្តីណាហ៊ានបង្រ្កាបម្តងណាឡើយ។ ជាក់ស្តែងរថយន្តមួយគ្រឿង ដែលចាប់ឃាត់ ហើយម្ចាស់ឡានដឹកឈើនោះ មានឈ្មោះ ចែ សឿន ជាឈ្មូញដុះស្លែ ម្នាក់ប្រចាំ ភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុកខេត្ដកំពង់ធំ ហើយឈើទាំងអស់នេះដឹកចេញពីឃុំសុខចិត្ដ ស្រុកសណ្តាន់ ខេត្ដកំពង់ធំ៕
មតិយោបល់