ព័ត៌មានជាតិ

យល់ដឹងខ្លះៗពី «ស៊ីហ្គេម»

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។

ស៊ីហ្គេម មានដើមកំណើតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEA Games)។ នៅថ្ងៃទី២២ ឧសភា ឆ្នាំ១៩៥៨ ប្រតិភូមកពីបណ្ដាប្រទេសឧបទ្វីបអាស៊ីអាគ្នេយ៍ ដែលបានចូលរួមការប្រកួតកីឡាអាស៊ី (អាស៊ីហ្គេម Asian Games)លើកទី៣ នៅតូក្យូ ប្រទេសជប៉ុន បានបើកកិច្ចប្រជុំមួយ និងបានព្រមព្រៀងគ្នាបង្កើតអង្គការកីឡាមួយ។ SEAP Games ត្រូវបានផ្ដួចផ្ដើមគំនិតដោយលោក លួងសុខុមណៃប្រាដិត ដែលពេលនោះជាអនុប្រធានគណកម្មការអូឡាំពិចថៃ។ មូលហេតុនៃការស្នើបង្កើតនោះគឺដើម្បីធ្វើសហប្រតិបត្តិការ លើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់និងរឹតចំណងមិត្តភាព និងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។

សមាជិកដំបូងៗមាន ថៃ ភូមា(បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡាយ៉ា(បច្ចុប្បន្នម៉ាឡេស៊ី) ឡាវ វៀតណាមខាងត្បូង សិង្ហបុរី និងកម្ពុជា។ ប្រទេសទាំងនេះយល់ព្រមឲ្តរៀបចំការប្រកួតកីឡារៀងរាល់២ឆ្នាំម្ដង។ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានលេចរូបរាងឡើង។

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ធ្វើឡើងនៅបាងកក ពីថ្ងៃទី១២ដល់១៧ ខែធ្នូឆ្នាំ១៩៥៩ ដែលមានកីឡាករ និងមន្ត្រីច្រើនជាង៥២៧នាក់មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូង និងឡាវបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡា១២វិញ្ញាសា។

ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។

ស៊ីហ្គេម ដែលគ្រងនឹងធ្វើនៅឆ្នាំ១៩៦៣ ត្រូវបានខកខានលែងបានធ្វើវិញ ព្រោះកម្ពុជាដែលត្រូវបានគេតែងតាំងអោយធ្វើជាម្ចាស់ផ្ទះមិនអាចរៀបចំប្រារព្ឋព្រឹត្តិការណ៍នេះបាន ដោយភាពអស្ថេរភាពក្នុងប្រទេស និងការខ្វែងគំនិត ជាមួយ International Amateur Athletic Federation។ ស៊ីហ្គេម លើកទី៣ត្រូវបានលើកទៅអោយប្រទេសឡាវធ្វើជំនួស ប៉ុន្តែត្រូវបានឡាវស្នើសុំមិនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៦៥ទេ ដោយសារកង្វះខាតហិរញ្ញវត្ថុ។ សំណាងល្អ ម៉ាឡេស៊ីបានស្ម័គ្រចិត្តចូលខ្លួនទទួលរៀបចំកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ឆ្នាំ ១៩៦៥ ដែលធ្វើឡើងនៅកូឡាឡាំពួរ ដោយមានកីឡាករ និងមន្ត្រីដឹកនាំចំនួនជាង១៣០០នាក់ចូលរួម។

មកទល់ពេលនេះ សហព័ន្ឋកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ បានទទួលសមាជិកថ្មីគឺសិង្ហបុរី ដែលទើបនឹងផ្ដាច់ខ្លួនពីម៉ាឡេស៊ីនៅខែសីហាឆ្នាំដដែលនោះ។

នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ក្នុងឆ្នាំ១៩៧៥ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ បានពិចារណារាប់បញ្ជូលឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅឆ្នាំ១៩៧៧ ប្រទេសទាំង២នេះបានចូលជាផ្លូវការ ហើយគណកម្មការនេះក៏ប្ដូរឈ្មោះជា គណកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation (SEAGF)) ហើយព្រឹត្តិការណ៍កីឡាក៏ប្ដូរឈ្មោះជា កីឡាអាស៊ីអាគ្នេយ៍ រឺ ស៊ីហ្គេម (Southeast Asian Games) ទៅ។ ប៊្រុយណេត្រូវបានអនុញ្ញាតឲ្យចូលនៅស៊ីហ្គេមលើកទី១០នៅចាការតា ឥណ្ឌូនេស៊ី ចំណែក ទីម័រខាងកើតត្រូវបានអនុញ្ញាតឲ្យចូលរួមនៅស៊ីហ្គេមលើកទី២២នៅហាណូយ វៀតណាម៕

 

មតិយោបល់