ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩និង១០នាទី ចន្លោះគីឡូមែត្រ ៦៣-៦៤ លើផ្លូវជាតិលេខ៨ ស្ថិតក្នុងទឹកដីភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

មានរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅ ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកនឹងម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើត ។

ករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានបើករថយន្ត គេចបាត់។

បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរកគ្រួសារ នៃសព ដើម្បីប្រគល់សាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់