ព័ត៌មានជាតិ

អគ្គិភ័យ បណ្តាលមកពីទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅខេត្តកណ្តាល

កណ្តលៈ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មានករណីអគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះ០១គ្រួសារ ធ្វើអំពីឈើខាងលើ ខាងក្រោមថ្ម ឆេះអស់ទាំងស្រុង និងរាលដាលឆេះផ្ទះជាប់គ្នា២ខ្នងបន្ថែមទៀត ប៉ុន្តែកម្លាំង អន្តរាគមន៍បានពន្លត់ទាន់ គ្រាន់តែឆេះរោលជញ្ជាំងបន្តិចបន្តួច ។

ជនរងគ្រោះ ឈ្មោះ ស៊ឹម សន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ រី សារឹម អាយុ ៥៥ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
មុខរបរ កសិករ ផ្ទះដែលឆេះមានទទឹង ៧ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ ឈើលើ ក្រោមថ្ម កំពស់៧,៣០ម៉ែត្រ បណ្តាលឲ្យឆេះអស់ទាំងស្រុង ។
និងបាត់បង់ឆេះប្រាក់អស់៥០០០$ ប្រាក់រៀល៨,០០០,០០០៛ មាស៥តម្លឹង ម៉ូតូ ម៉ាកសង់០២គ្រឿង និងឯកសារផ្ទាល់ខ្លួន ជាច្រើន រួមសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ ។

មូលហេតុ៖ ដោយសារឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង បណ្តាលឲ្យកើតអគ្គិភ័យឆេះផ្ទះតែម្តង ។

ក្រោយកើតហេតុ ដោយមានការបញ្ជា ដឹកនាំផ្ទាល់ពី លោកវរៈសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០២ គ្រឿង អស់ទឹក០៨ឡាន រហូតដល់ម៉ោង៩និង៤៥នាទី ទើបភ្លើងរលត់អស់ទាំងស្រុង ៕

មតិយោបល់