ព័ត៌មានជាតិ

ប្រទេសដៃគូចំនួន៨ជួបគ្នានិយាយពីការបង្កើនកិច្ចគាំទ្រផ្នែកគោលនយោបាយនិងការបញ្ជ្រៀបទៅក្នុងដំណើរការផែនការជាតិបន្ស៊ាំ

ភ្នំពេញៈ ប្រទេសដៃគូរអភិវឌ្ឍន៍ ចំនួន៨មកពីជុំវិញពិភពលោក នៅថ្ងៃពុធនេះបានមកជួបប្រជុំគ្នា ដើម្បីនិយាយគ្នាពីការបង្កើនកិច្ចគាំទ្រផ្នែក​គោលន​យោ​បាយ និងការបញ្ជ្រៀបទៅក្នុងដំណើរការ ផែនការជាតិបន្ស៊ាំ ដែលជាប្រធានបទក្តៅគគុក ហើយត្រូវបានគេលើកឡើងនៅក្នុងវេទិកាសកលលើកទី៣ ស្តីពីផែនការជាតិ​បន្ស៊ាំ​និងការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនិងមានការចូលរួមពីតំណាងប្រទេស បេណាំង កូឡុំប៊ី ម៉ាដាហ្កាស្កា ម៉ិកស៊ិក សាម័រ អាហ្រ្វ៊ិកខាងត្បូង តង់សានី និងថៃ ព្រមទាំងបណ្តាដៃគូអភិវឌ្ឍន៍ ប្រចាំកម្ពុជាចំនួន៤៥នាក់។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុបាន នឹងកំពុងគំរាមកំហែងដល់ជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជា​យ៉ាងធ្ងន់ធ្ងរ ជាពិសេសដល់វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ជលផល ព្រៃឈើ តំបន់ឆ្នេរ សុខភាព និងទេសចរណ៍។

លោកបន្តថ«កម្ពុជាត្រូវត្រៀមរៀបចំកិច្ចការជាច្រើនដើម្បីទប់ទល់នឹងហានិភ័យអាកាសធាតុ ដូចជា កំណើនកម្ពស់ទឹកសមុទ្រ វិសមរូបសីតុណ្ហភាព ព្រឹត្តិការណ៍ អាកាសធាតុ​ធ្ងន់ធ្ងរ ។ល។ ដូចនេះកម្ពុជាត្រូវការជាបន្ទាន់នូវផែនការជាតិ ដែលអាចបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដ៏មានប្រសិទ្ធភាព និងសមស្រប តាមកាលៈទេ​សៈជាតិ»។

វេទិកាអន្តរជាតិនេះនឹងរៀបចំរយៈបីថ្ងៃចាប់ពីថ្ងៃទី២១ដល់២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។ វេទិកានេះមានគោលបំណង ដើម្បីបង្កើនកិច្ចខិតខំប្រឹង ប្រែងរបស់បណ្តាប្រទេសនានា ក្នុងដំណើរការរៀបចំផែនការជាតិបន្ស៊ាំរបស់ខ្លួនឆ្លើយតប នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្រោមកិច្ច​សហការរវាងបណ្តាញការងារសកលផែនការជាតិបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ NAP Global Network ។

កម្ពុជាបានចែករំលែកសមិទ្ធផលនិងបទពិសោធន៍សំខាន់ៗរបស់ខ្លួនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាដំណើរការរៀបចំផែនការជាតិបន្ស៊ាំ ដូចជាកំណែ​ទម្រង់ស្ថាប័នដោយការបង្កើតក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ កម្ពុជានិងយុទ្ធ​សាស្រ្តតាមវិស័យ​ពាក់ព័ន្ធ ការរៀបចំដំណើរការផែនការជាតិបន្ស៊ាំ និងសម្របសម្រួលឲ្យមានយន្តការ ហិរញ្ញប្បទានសម្រាប់បន្ស៊ាំនិងកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់។ ព្រឹត្តិការណ៍នេះ ក៏បាន​ស្វែង​យល់​អំពី​ឧបសគ្គនានា នៃការរៀបចំដំណើរ ការផែនការជាតិបន្ស៊ាំ និងយុទ្ធសាស្រ្តដោះស្រាយបញ្ហារបៀបនៃការបញ្ជ្រៀបសកម្មភាពបន្ស៊ាំទៅក្នុងយុទ្ធសាស្រ្ត​របស់​វិស័យពាក់ព័ន្ធ និងការកំណត់វិសាលភាពបន្ស៊ាំពីបណ្តាប្រទេសនានា។

យោងតាមសន្ទស្សន៍ហានិភ័យពិភពលោកឆ្នាំ២០១៥ កម្ពុជាស្ថិតនៅក្នុង លំដាប់ទី៨ក្នុងបណ្តាប្រទេសដែលប្រឈមនឹងហានិភ័យពីមុខសញ្ញាគ្រោះធម្មជាតិ ហើយបើយោង​តាមសន្ទស្សន៍ហានិភ័យសកលលោកឆ្នាំ២០១៦ កម្ពុជាស្ថិតក្នុងលំដាប់ទី១៣ដែលទទួលរងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ដំណើរការផែនការជាតិ បន្ស៊ាំនឹងការ​ប្រែប្រួល​អាកាសធាតុត្រូវបានបង្កើតដោយអង្គការសហប្រជាជាតិ សម្រាប់បណ្តាប្រទេសនានារៀបចំផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរឹងម៉ាំសមស្របតាមតម្រូវបន្ស៊ាំ និងបរិបទរបស់ប្រទេសនីមួយៗ ៕

ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន

មតិយោបល់