ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់មួយរំពេច នៅលើដងផ្លូវ

កំពង់ឆ្នាំង នៅថ្ងៃពុធ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ យុវជនម្នាក់ ជិះម៉ូតូបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់មួយរំពេច នៅលើដងផ្លូវក្រាលកៅស៊ូលេខ៥៣ ចន្លោះគីឡូម៉ែត្រលេខ Km៦៧/៦៨ ស្ថិតក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ចាន់ វិន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅទិសខាងត្បូង ។ លុះដល់ពេលបើកបរមកដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃ០១គ្រឿងម៉ាក KUBOTA ពណ៌ក្រហម ដែលមានសណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ធ្លក យឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងឈប់ចតនៅចិញ្ចើមផ្លូវ ដំណើរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ អ្នកបើកបរម៉ូតូ និងខូចខាតម៉ូតូ០១គ្រឿងស្រាល ។

មូលហេតុ៖ គឺបណ្តាលមកពីការឈប់ចតគោយន្ត គ្មានភ្លើងបំភ្លឺផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះឃាត់ខ្លួនអ្នកបើកបរគោយន្តកន្ត្រៃ ដើម្បីសាកសួរបំភ្លឺពីដំណើររឿងហេតុ និងកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់ ។ សាកសពជនរងគ្រោះ បានប្រគល់ទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់