បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៨ និង ២៥នាទីយប់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តឈប់ចតលើទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅស្ដាំ ស្ថិតលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចផ្លូវកោងខាងត្បូងដីឡូតិ៍ភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មុខពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1Q-1929 បើកបរដោយឈ្មោះ សេក ទ្រី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បុករថយន្តខូចចតលើទ្រូងផ្លូវពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ បាក់ភ្លៅខាងស្តាំ។
រថយន្តម៉ាក កាមរី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខ ភ្នំពេញ 2F-4909 អ្នកបើកបររថយន្តឈ្មោះ វ៉ាន់ ចាន់វី (ហៅឈិត) ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (រងការខូចចតក្បាលបែរទៅទិសខាងត្បូង)។
មូលហេតុ៖ បណ្តាលមកពីរថយន្តកាមរីខូចចតលើទ្រូងផ្លូវ ប្រើភ្លើងសញ្ញាមិនបានគ្រប់គ្រាន់ អ្នកបើកម៉ូតូមើលមិនច្បាស់ ក៏បុកបណ្តាលឲ្យកើតមានគ្រោះថ្នាក់តែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនដឹក យកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង កម្លាំងនគរបាលជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយពេលក្រោយ៕




មតិយោបល់