ស្ទឹងត្រែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ ត្រូវបានជនសង្ស័យវាយ និងកាប់ដាច់ដៃ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហេតុការនេះកើតឡើង ស្ថិតនៅត្រង់ ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលស្រុកសៀមបូកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកឯជនសង្ស័យឈ្មោះ អ៊ុត ឡេ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (បានរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច ដោយនាំយកកូន៤នាក់ ទៅជាមួយផងដែរ ) ។
ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយ កម្លាំងអធិការរដ្ឋាននគរបាលស្រុកសៀមបូក បានចុះពិនិត្យដល់កន្លែងកើតហេតុ ពិនិត្យសាកសព ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយហិង្សាពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញា តាមចាប់យកមកផ្ទន្ទាទោសតាមនីតិវិធី ៕

មតិយោបល់