ព័ត៌មានជាតិ

រថយន្តកូរូឡា បុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក ពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងត្រាក់ទ័រ ។ ឧបទ្ទវហេតុបានកើតឡើង នៅវេលាម៉ោង៣និង០០នាទីទាបភ្លឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ៣៥៧ និង៣៥៨ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាកកូរូឡា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2A-4624 បើកបរដោយឈ្មោះ ព្រំ សុខចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ច្បារអំពៅ១ ក្រុង-រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ឈ្មោះ វង្ស ម៉ីគឺម ភេទស្រី អាយុ៣៣ឆ្នាំ ក្នុងទិសដៅពីកើតទៅលិច បានបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ខៀវ គ្មានផ្លាកលេខ ចំពីក្រោយពេញទំហឹង បើកបរដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា ។

ក្នុងហេតុការណ៍នេះ បណ្តាលអោយរបួសធ្ងន់ស្រាលចំនួន០២នាក់៖ ១.ឈ្មោះ ព្រំ សុខចំរើន (របួសធ្ងន់), ២.ឈ្មោះ វង្ស ម៉ីគីម (របួសស្រាល) ។ ខូចខាតរថយន្តចំនួន ០១គ្រឿង (ធ្ងន់) និងត្រាក់ទ័រ សណ្តោងរ៉ឺម៉ក(ស្រាល) ។

លោកអធិការបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តម៉ាក់កូរូឡា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2A-4624 បើកបរមានល្បឿនលឿន និងត្រាក់ទ័រសណ្តោងរ៉ឺម៉កគ្មានភ្លើង សញ្ញាសម្គាល់ចរាចរណ៍ត្រឹមត្រូវ។

ក្រោយកើតហេតុ កម្លាំងការិយាល័យជំនាញ បានចុះវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក ។ ចំណែកវត្ថុតាងកម្លាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាល នគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់