កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលស្រុកមុខកំពូល ចាប់ឃាត់ខ្លួនយុវជនសង្ស័យ០២នាក់ ករណីហិង្សាដោយចេតនា ខណៈពេលដែលជនរងគ្រោះមិនព្រមផឹកស្រាជាមួយជនសង្ស័យ ដោយជនសង្ស័យបាន វាយដោយដៃ ដំបង នឹងយកកាំបិតដេញកាប់ ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ហេតុការណ៍នេះឡើងនៅចំណុចក្នុងបរិវេណឡឥដ្ឋ របស់ឈ្មោះ ឡោ គង់ហៅទី ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ប្រាក់ ស្រួច ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករឡឥដ្ឋ (ស្លាកស្នាមរបួស០២កន្លែង នៅចំហៀងខ្នងខាងឆ្វេង) ។ ចំណែកឯជនសង្ស័យរួមមាន៖ ១-ឈ្មោះ ទ្រី ប៊ុនធឿន ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ។ ២-ឈ្មោះ សឿង វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ សព្វថ្ងៃស្នាក់នៅឡឥដ្ឋ ។ (ទាំងបីនាក់ស្នាក់នៅឡឥដ្ឋ ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល) ។
វត្ថុតាងរួមមាន៖ កាំបិតបុ័ងតោចំនួន០១ដើម , ដំបងអុសចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់