ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងករណីផ្ទុះគ្រាប់មីន នៅស្រុកសំឡូត

បាត់ដំបង: កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាច ប្រជាពលរដ្ឋឈ្មោះ ពុធ វ៉ាន់ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរនាង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ដោយករណីផ្ទុះគ្រាប់មីនប្រភេទ៦៩ នៅត្រង់ចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែតពីប៉ុស្តិ៍ព្រំដែនពាមតា ផ្លូវបំបែកនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត ក្នុងខណ:ប្រជាពករដ្ឋរូបនេះធ្វើដំណើរ ទៅប្រកបរបរចិញ្ចឹមជីវិតនៅក្នុងព្រៃចំណុចខាងលើនោះ។

ក្នុងពេលជួបឧប្បត្តិហេតុនេះ បានបណ្តាលឲ្យជើងខាងស្តាំរបស់គាត់ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ(ដាច់ជើងខាងស្តាំ) ។ ដោយសារស្ថាន ភាពភូមិសាស្រ្តឆ្ងាយ នឹងផ្លូវពិបាកធ្វើដំណើរ ចាប់តាំងពីពេលកើតហេតុ រហូតដល់ម៉ោង៦និង២០ នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ទើប សមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនាំយករូបគាត់មកដល់ទីតាំង ដែលមានមធ្យោបាយ ដឹកនាំគាត់ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។

សូមជម្រាបជូនថា ក្នុងមូលដ្ឋានស្រុកសំឡូត ក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីត សមរភូមិប្រយុទ្ធពីអតីតកាលនៅតែមាន យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡើយ ហើយបញ្ហានេះនៅតែជាក្តីកង្វល់ និងបញ្ហាប្រឈមសម្រាប់ ប្រជាពលរដ្ឋដែលមានមុខរបរ ចេញចូលនៅចំណុច ឬទីតាំងទាំងនោះ៕

មតិយោបល់