ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាលជាតិ

ព្រែវែងៈ កាល​ពី​ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង។ ពិធីនេះ ស្ថិតក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោក​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក​ ឡុង ថាត អភិបាលរង នៃគណៈអភិបាល ខេត្តព្រៃវែង និងប្រតិភូអមដំណើរមួយចំនួន ព្រមទាំងមានការ អញ្ជើញចូលរួមពីលោក លោកស្រី ព្រះអាជ្ញារងអម សាលាដំបូងខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹកព្រៃវែង លោកអភិបាលស្រុក/ក្រុង លោក លោកស្រី ស្នងការរង លោកអធិការស្រុក ក្រុងទាំង១៣។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ នគរបាលខេត្តព្រៃវែង បានអានរបាយការណ៍ស្វាគមន៍។ លោកឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានព្រះរាជក្រឹត្យ និង ប្រកាសរបស់ក្រសួងមហាផ្ទៃព្រះរាជក្រិត្យលេខ ០៥១៦/៤៩១ លេខ ០៥១៦/ ៥៦១ និងប្រកាសលេខ ៣៦២១ប្រក និងលេខ ៣៦៦៧ ប្រក ស្តីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន២៩ រូប ក្នុងនោះ ថ្នាក់តម្លើងឋានន្តរសក្កិ ថ្នាក់ឧត្តម សេនីយ៍ត្រីចំនួន ៥ រូប ថ្នាក់វរសេនីយ៍ទោចំនួន៥ រូប ថ្នាក់អនុសេនីយ៍ឯកចំនួន ២ រូប និងថ្នាក់អនុសេនីយ៍ទោចំនួន ១ រូប។ លោក​ ឧត្តមសេនីយ៍ឯក ចាន់ អ៊ាន បានបំពាក់ឋានន្តរសក្កិ ប្រគល់ព្រះរាជក្រឹត្យ ប្រគល់ប្រកាស និងប្រគល់ត្រា ដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងរួចមក។

លោកវរសេនីយ៍ឯក ពៅ ជីវី តំណាងឲ្យមន្រ្តីនគរបាលជាតិ បានមានមតិចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត។ មានប្រសាសន៍នាឱកាសនោះ លោក​ ឡុង ថាត អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និង លោក​ នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរង នគរបាលជាតិ បានថ្លែងអំណរគុណ និង កោតសរសើរដល់ កងកម្លាំង នគរបាលខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំរើការងារយ៉ាងល្អ ជាពិសេសការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ លោក​ធ្វើការ ផ្តាំផ្ញើរដល់មន្ត្រីនគរបាលត្រូវ តែយកចិត្តទុកដាក់ បន្ថែមទៀតលើការងារជំនាញរបស់ខ្លួន ត្រូវយកតួនាទីនេះ ទៅបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងមានសាមគ្គីភាពល្អក្នុង អង្គភាពជាពិសេសត្រូវសហការឲ្យបានល្អ ជាមួយអង្គភាពពាក់ពន្ធ័។

លោក​ នាយឧត្តមសេនីយ៍ ចាន់ អ៊ាន មានប្រសាសន៍ដល់កងកម្លាំង នគរបាល តាមបណ្តាអធិការដ្ឋានក្រុងស្រុក ត្រូវបំរើការងារជាផលប្រយោជន៏ដល់ប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព។ លោក​ បានឲ្យគ្រប់អធិការ ស្រុក​ ក្រុងបង្កើនការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះស្រងស្ថិតិ បំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី នៅតាមស្ថានីយ៍ចល័តក្នុង ភូមិ ឃុំ ដែលខ្លួនរស់ នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និង អធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង១៣ ឲ្យបានទាន់ពេលវេលា។
លោក​ នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានបន្ថែមទៀតថាៈ លោកស្នងការ ត្រូវប្រគល់តួនាទីភារៈកិច្ច មកបំពេញការងារ ជូនមន្រ្តីក្រោមឱវាទ ឲ្យប្រឹងប្រែងអនុវត្តន៍ការងារ អនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធិភាព និងតម្លាភាព ស្មោះត្រង់ចំពោះជាតិ ចំពោះព្រះមហាក្សត្រ និងប្រជាពលរដ្ឋ រក្សានូវវិន័យសេចក្តីថ្លៃថ្លូរ ក្នុងនាមជាមន្រ្តីនគរបាលជាតិ មិនត្រូវ យកអំណាច ទៅប្រើប្រាស់ នូវអំពើខុសច្បាប់ ទៅគៀបសង្កាត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ។
ត្រូវបន្តបើកវេទិការ សាធារណៈ ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ និងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យបានទូលំទូលាយ។ ត្រូវធ្វើការត្រួតពិនិត្យអាវុធ ជាតិផ្ទុះឲ្យបាន ជាប្រចាំ និងគ្រប់គ្រង ស្រាវជ្រាវ មុខសញ្ញា ដែលមានដីការចាប់ខ្លួន ដែលមាននៅក្នុង ភូមិសាស្ត្រ និងក្រៅ ភូមិសាស្ត្រ ដើម្បីធ្វើសកម្មភាពឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ពិសេសនោះលោក​បានសង្កត់ធ្ងន់ទៅនឹង ៣ ចំណុច ដែលមន្រ្តីនគរបាលទាំងអស់ត្រូវតែអនុវត្ត គឺ រួមគិត,រួមធ្វើ និងរួមទទួលខុសត្រូវ៕

មតិយោបល់