ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីន រងរបួសធ្ងន់-ស្រាល២នាក់

កំពង់ស្ពឺ: នៅថ្ងៃ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤និង៥០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីន រងរបួសធ្ងន់-ស្រាល២នាក់ លើផ្លូវជាតិលេខ៤ ចន្លោះគម៩៨-៩៩ ត្រង់ចំណុចភូមិទី៦ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកហ៊ីយន់ដាយ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះម៉ៃ វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជារថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 3A-6696 កន្ទុយរ៉ឺម៉កព្រះសីហនុ 4A-3068 បើកបរដោយឈ្មោះឡាត់ ដាវីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរទាំងសងខាង រងរបួសធ្ងន់-ស្រាលចំនួន២នាក់ និងរថយន្តរងការខូចខាតធ្ងន់ទាំង២គ្រឿង ។​ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះជួយជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។

ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ វាស់វែង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់