ព័ត៌មានជាតិ

កម្មកររោងចក្រ ជីផ្កាយប្រាំម្នាក់ ជិះម៉ូតូដួលនៅលើទ្រូងផ្លូវ ត្រូវរថយន្តទេសចរណ៍បុក បណ្តាលឲ្យស្លាប់

កណ្តាល: នៅថ្ងៃសុក្រ០១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៥១នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត
ឡើង បុរសកម្មកររោងចក្រ ជីផ្កាយប្រាំម្នាក់ ជិះម៉ូតូដួលនៅលើទ្រូងផ្លូវ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ ៤២-៤៣ ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូម៉ាក HONDA DREAM 125 ស៊េរីឆ្នាំ016 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GA-9179 បើកបរដោយ ឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រ ជីផ្កាយប្រាំ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅពីភ្នំពេញអ្នកទៅលឿង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែដួលម៉ូតូនៅចំកណ្តាលថ្នល់ ហើយងើបអង្គុយ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA LEXUS 470 ព៌ណស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខភ្នំពេញ 2K-7768 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ បានបុកបណ្តាយឲ្យស្លាប់ ម៉ូតូខូចស្ទើរទាំងស្រុង ។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ បានដេញតាមឃាត់រថយន្តបង្ក តែមិនទាន់ ហើយអ្នកបើកបរបានបើករថយន្តទៅចតចោលនៅចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ។ សពជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងយកទៅរក្សាទុក ជានៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ទៅតាមនីតិវិធី ៕

មតិយោបល់