ព័ត៌មានជាតិ

បុរសអ្នករត់កង់បីម្នាក់ ត្រូវស្រ្តីម្នាក់ដាក់ថ្នាំងងុយដេកសន្លប់ស្ដូក លួចកាបូបលុយតែចុងក្រោយ…

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង៣៥នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះB០១ ផ្លូវ៤៣៦ ក្រុម២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីដាក់ថ្នាំលួចកាបូបលុយ។

ជនសង្ស័យឈ្មោះ អ៊ុច ចាន់ថា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្រុកកំណើត នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថន កោសល្យ ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ១០៥ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់រួមមាន៖
-កូនកាបូបដៃវែង ពណ៌ខ្មៅ ចំនួន០១ គ្មានប្រាក់ មានយ័នក្រណាត់ពណ៌ក្រហមមួយ
-កូនកាបូបដៃមួយទៀត ពណ៌ត្នោត ក្នុងនោះមានកាតគ្រីម៉ូតូ០១
-កាត ATM ចំនួន០១
-ប័ណ្ណបើកបររថយន្តចំនួន០១។

សម្ភារៈដកហូតរួមមាន៖
-ថ្នាំមួយកញ្ចប់ (ថ្នាំងងុយដេកសម៉ត់)។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូកង់បីឥណ្ឌា ចេញពីផ្សារបឹងកេងកង ក្នុងតម្លៃ ២ម៉ឺនរៀល មកផ្សារបឹងត្របែក ដើម្បីជួបសង្សារខ្លួន លុះទៅដល់ក៏ឡើងជិះម៉ូតូកង់បីឥណ្ឌាផ្សេងថ្មីមួយទៀត បានមួយសន្ទុះ ឲ្យជនរងគ្រោះជូនទៅទិញទឹកក្រឡុក ដោយទិញ ២កែវ មួយសម្រាប់នាង និងមួយទៀតសម្រាប់ជនរងគ្រោះ ខណៈពេលកំពុងតែធ្វើដំណើរតាមផ្លូវ នាងបានដាក់ថ្នាំងងុយដេក រួចហុចឲ្យជនរងគ្រោះផឹក ស្រាប់បានប្រហែលកន្លះម៉ោងក្រោយ ជនរងគ្រោះសន្លប់ដេកស្ដូក នាងក៏ធ្វើសកម្មភាពលួចតែម្ដង។

ក្រោយពីកើតហេតុជនសង្ស័យ ត្រូវអ្នកឃើញហេតុការណ៍មានការសង្ស័យ ក៏ឃាត់ខ្លួនប្រគល់សមត្ថកិច្ច ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដោះស្រាយតាមនីតិវិធី៕

មតិយោបល់