ឧត្តរមានជ័យៈ កម្លាំងសមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ ចុះបង្ក្រាបក្រុមក្មេងទំនើង យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស រំខាន ដល់ប្រជាពលរដ្ឋ នៅពេលយប់ ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ រហូតដល់ម៉ោង១១យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដោយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ស៊ី ថារឹទិ្ធ អធិការរងនគរបាលក្រុង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង មានផ្នែកសឹករងក្រុង មន្ត្រី មន្ទីរសាធារណការ និងមន្ត្រីរដ្ឋបាលក្រុង សរុបចំនួន២៨នាក់ ដឹកនាំបញ្ជាដោយ លោក ផុន ចាន់និល អភិបាលរងនៃគណៈអភិបាលក្រុងសំរោង ចុះធ្វើការឆែកនិងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវជាតិលេខ៦៨ ចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថក្រុង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាលទ្ធផល បានធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ក្មេងទំនើង៤នាក់ ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស លឺខ្លាំងៗ រំខានទៅដល់ប្រជាពលរដ្ឋនៅពេលយប់ ទី១.ឈ្មោះ បូញ បូរី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោកអំពិល សង្កាត់កូនក្រៀល ក្រុងសំរោង។ទី២.ឈ្មោះ អូន មុំ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិគោកអំពិល សង្កាត់កូនក្រៀល ក្រុងសំរោង។ ទី៣.ឈ្មោះ គង់ ឡេង ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិពុរ សង្កាត់កូនក្រៀល ក្រុងសំរោង។ទី៤.ឈ្មោះ ថូយ នត្ថាទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូនកែន សង្កាត់សំរង ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
មតិយោបល់