ព័ត៌មានជាតិ

ខ្មែរឥស្លាម ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នា ស្រាប់តែសំពត់ប្រពន្ធចូលមីញ៉ុងម៉ូតូ បណ្តាលឲ្យធ្លាក់បោកក្បាលស្លាប់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ ចន្ទ័ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២និង៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូម៉ាកស៊ីរូស ពណ៌ ខៀវ ស ខ្មៅ ពាក់ផ្លាកលេខ ខ.1091 ក.ធ 1 មានកញ្ចក់ បើកបរដោយឈ្មោះ យូ នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់សាច់គោ នៅខេត្តកំពត មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព គ្មានរបួស បើកបរមានទិសដៅពីត្បូង ទៅជើង ជ្រៃធំ តាខ្មៅ មានឌុបអ្នករួមដំណើរម្នាក់ ឈ្មោះ ស្លេះ អាំមី ណាស់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ត្រូវជាប្រពន្ធ អត់ពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ ។

ការសន្និដ្ឋានបឋម ករណីនេះបង្កឡើងដោយ ការធ្វេសប្រហែសខ្លួនឯង ប្តីអ្នកបើកម៉ូតូ ប្រពន្ធ អ្នកអង្គុយពីក្រោយ លុះបើកទៅដល់ចំណុចកើតហេតុ ស្រាប់តែសំពត់របស់ប្រពន្ធ បានស្រូបចូលមីញ៉ុងម៉ូតូ ធ្លាក់ ប្រពន្ធបោកក្បាលទៅលើផ្លូវជាតិស្លាប់ភ្លាមតែម្តង ។

ករណីនេះកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ រួចបានប្រគល់សាកសពស្រ្តីរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់