ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ និងខ្មែរ ២នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៣កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង១៥និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ០៦នាក់ស្រី ០១នាក់(ជនជាតិវៀតណាម ០៤នាក់ ប្រុស៣ នាក់ ស្រី ០១នាក់) ជនជាតិខ្មែរចំនួន ០២នាក់ (ប្រុស )។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន៤កញ្ចប់ ស្មើនឹងទម្ងន់២,៩ក្រាម ថ្លឹងទាំងសំបក ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន ០៥គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ៕

មតិយោបល់