ព័ត៌មានជាតិ

Update៖ ជិះម៉ូតូទៅលេងគូដណ្ដឹង បែរជួបគ្រោះអកុសល ស្លាប់ម្នាក់ និងរបួសបាក់ភ្លៅម្នាក់

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូ១គ្រឿងឌុបប្អូនថ្លៃពីក្រោយ ចេញពីកន្លែងធ្វើការ បំណងទៅលេងគូដណ្ដឹង តែជាអកុសលបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តបែនដឹកដីធុនធំ១គ្រឿង បណ្ដាលឲ្យស្លាប់ភ្លាមៗ ឯប្អូនថ្លៃរបួសបាក់ភ្លៅខាងស្តាំ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចលើស្ពានព្រែកព្នៅ ផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះឈ្មោះ សូយ ធារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះ និងប្អូនថ្លៃប្រុស បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AF-7389។ ដោយ ធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿនយ៉ាងលឿន ទើបចេញពីធ្វើការ បំណងទៅលេងផ្ទះគូដណ្ដឹងនៅឯភ្នំឧដុង្គ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកKIA ជាប្រភេទរថយន្តបែនដឹកដីធុនធំ ពណ៌ត្រេអ៊ី គ្មានផ្លាកលេខ កំពុងឈប់ចាក់ថែមប្រេង នៅត្រង់ចំណុចកើតហេតុ ដោយមិនបានដាក់អ្វីជា សញ្ញាណសម្គាល់ សម្រាប់ការប្រុងប្រយ័ត្ននោះទេ។ ខណៈនោះម៉ូតូរងគ្រោះ ដោយសារបើកលឿន ក៏ជ្រុលចង្កូតទៅបុកពីក្រោយចំហៀងខាងឆ្វេងរថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះ ជាអ្នកបើកម៉ូតូបោកក្បាលទៅនឹងរថយន្តបែកក្បាលស្លាប់ភ្លាមៗ រីឯបុរសជាប្អូនថ្លៃ អង្គុយខាងក្រោយ បានរងរបួសបាក់ភ្លៅខាងស្តាំ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ស្របពេលដែលរថយន្តបែន ដឹកដីខាងលើ ក៏ស្រាប់តែរអិលថយក្រោយ ជ្រុលទៅបុកនិងបង្កាន់ដៃស្ពានព្រែកព្នៅ បណ្ដាលឲ្យខូចខាតបន្តិចបន្តួច។

ភ្លាមៗនោះអ្នកបើកបររថយន្ត ក៏បានគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត ដែលរងការខូចខាត នៅកន្លែងកើតហេតុ។ មួយសន្ទុះក្រោយមក ក៏មានរថយន្តរបស់គ្លីនិកឯកជនសម្ភពសែនជ័យ បានមកដឹកបុរស ដែលរងរបួស យកទៅសង្គ្រោះផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ហៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង ស្ទូចរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ជាបន្ត។ ចំណែកសព ប្រគល់ជូនសាច់ញាតិយកកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់