ភ្នំពេញៈ រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនឯកជនមួយ បានបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូឈប់ចាំស្តុប ២នាក់បងប្អូនជីដូន ១មួយគ្រឿង បណ្ដាលឲ្យ កិនបុរសជាប្អូនម្នាក់បែកក្បាលស្លាប់ភ្លាម និងម្នាក់ទៀតជាបងរងរបួសស្រាល ក្រោយកើតហេតុអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៤រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបបំបែកជាបី បត់ចូលក្នុងទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទុយ បាន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅខណ្ឌច្បារអំពៅ ត្រូវជាប្អូនអ្នករួមដំណើរពីក្រោយមានឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរជាងពិដានស្នាក់នៅជាមួយគ្នាជាបង។
ព័ត៌មានពេលប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញបុរស ២នាក់បងប្អូនជីដូនជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង ១E-២៤៦០ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ អាទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណៈពេលដែលមកដល់ចំណុចកើតហេតុ គឺបានឈប់ម៉ូតូ ចាំស្តុបរងចាំភ្លើងស្តុប ដើម្បីធ្វើដំណើរទៅមុខបន្ត ស្របពេលនោះក៏ស្រាប់តែមានរថយន្តធំដឹកដី មួយគ្រឿង ម៉ាក Mitsubishi ដែលមិនមានផ្លាកលេខមុខក្រោយ ប៉ុន្តែមានផ្លាកលេខនៅលើ ពន្ធផ្លូវ ដែលបិទកញ្ចក់រថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៧៦៩៩ ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ស្របទិសដៅគ្នា ដោយខ្វះការប្រុងប្រយ័ត្ន និង បើកបរ មិនឈប់ភ្លើងស្តុប ថែមទាំងបុកម៉ូតូពីក្រោយពេញទំហឹង អូសជិត ១៥ម៉ែត្រ បណ្ដាលឲ្យកិនក្បាលបុរសម្នាក់ ជាប្អូនស្លាប់ភ្លាមៗ និង បងរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់