ភ្នំពេញៈ ជនសង្ស័យមួយក្រុម មានគ្នាច្រើននាក់ ប្រដាប់ដោយមធ្យោបាយ ម៉ូតូចំនួន៨គ្រឿង ធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ ពីយុវជនម្នាក់ ខណៈដែលកំពុងជិះឌុបស្រី ២នាក់ ធ្វើដំណើរតាមផ្លូវ បានសម្រេចហើយ ព្យាយាមបើករត់គេច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ កម្លាំងកាកាបទី២ កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ដេញបង្ក្រាបចាប់ខ្លួនជនសង្ស័យបាន ៣នាក់ ដកហូតបានម៉ូតូចំនួន ៥គ្រឿង ក្នុងនោះយកបានម៉ូតូរបស់ជនរងគ្រោះមកវិញ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នាំទៅសាកសួរ រហូតដល់វេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃដដែល កម្លាំងជំនាញស្រាវជ្រាវ បន្តទៅឃាត់ខ្លួនបក្ខពួកបាន ៤នាក់ទៀត នៅសង្ងំលាក់ខ្លួនក្នុងផ្ទះសំណាក់នាគទេព ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពមួយបានឲ្យដឹងថា ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់៖
១/ឈ្មោះ ហែម វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
២/ឈ្មោះ ឡាយ មករា ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅផ្ទះក្បែរគ្នា ។
៣/មិនទាន់ស្គាល់ឈ្មោះ តែស្នាក់នៅក្នុងភូមិប៉ប្រ៉កជើងជាមួយគ្នារដែរ ។
មធ្យោបាយដកហូតបានម៉ូតូ ៥គ្រឿង ៤គ្រឿងជារបស់ជនសង្ស័យ មួយគ្រឿងជារបស់ជនរងគ្រោះ៖
១/ម៉ាក beat ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HS-3298 ។
២/ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-8704។
៣/ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពាក់ផ្លាកលេខ កំពង់ចាម 1D-5656 ។
៤/ម៉ាក ហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BF-6375 ។
៥/ម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2262 ជនសង្ស័យបានកាច់ផ្លាកលេខបាត់ហើយ ។
ជនរងគ្រោះ ឈ្មោះ យ៉ា រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ហើយមុនកើតហេតុ ជនរងគ្រោះ បានស្គាល់គ្នាជាមួយនារី ២នាក់ តាមរយៈហ្វេសប៊ុក សង្ស័យជាបក្ខពួក ជាធ្នាក់ របស់ក្រុមជនសង្ស័យ នារីទាំង ២នាក់នោះ បានឲ្យជនរងគ្រោះ ទៅឌុបពួកគេ ពីមុខព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅផ្ទះជនរងគ្រោះ នៅវេលារំលងអធ្រាត ចូលថ្ងៃទី២៧ ខែឧសភា លុះជិះឌុបនារីទាំង ២នាក់ ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២ ស្រាប់តែមានម៉ូតូជនសង្ស័យចំនួន ៨គ្រឿង ប្រដេញទៅតាមស្ទាក់ធាក់ប្លន់យកម៉ូតូ បានសម្រេចហើយនារី ២នាក់ សង្ស័យជាបក្ខពួកចោរប្លន់ បានគេចខ្លួនបាត់ជាមួយក្រុមជនដៃដល់ នៅសល់ជនសង្ស័យម្នាក់ ឈ្មោះ ឡាយ មករា រត់មិនទាន់ផ្អើល ទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំដោយលោក ភា ប្រុស នាយប៉ុស្តិ៍រដ្ឋបាល ចាប់ខ្លួនបាន នាំទៅសាកសួរ កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍កាកាបទី១ រួមសហការ តាមចាប់ខ្លួនជនសង្ស័យភ្លាមៗ បាន ២នាក់បន្ថែមទៀត សរុប ៣នាក់ ដកហូតបានម៉ូតូ ៥គ្រឿង ក្នុងនោះមួយគ្រឿង ជារបស់ជនរងគ្រោះ ជនសង្ស័យកាច់ផ្លាកលេខចោល ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងភូមិប៉ប្រ៉កជើង រហូតដល់វេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃដដែល កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ បន្តស្រាវជ្រាវ រហូតចុះទៅបង្ក្រាបចាប់ខ្លួនបក្ខពួកជនសង្ស័យបាន ៤នាក់បន្ថែមទៀត កំពុងសង្ងំលាក់ខ្លួនក្នុងផ្ទះសំណាក់នាគទេព ។ ប្រតិបត្តិការបង្ក្រាប តាមចាប់ជនសង្ស័យប្លន់ខាងលើ សមត្ថកិច្ចឃាត់ខ្លួនសរុបចំនួន ៧នាក់ ដកហូតបានម៉ូតូ ៥គ្រឿង ។
ជនសង្ស័យទាំង ៧នាក់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវបន្ថែមទៀត ៕
មតិយោបល់