ព័ត៌មានជាតិ

ដំណឹងស្វែងរកម្ចាស់! ករណីប្រទះឃើញម៉ូតូ ១គ្រឿង សង្ស័យក្រុមចោរលួចបានហើយ ស៊ីគ្រឿងរួចទម្លាក់ចូលទឹកទន្លេ

ភ្នំពេញៈ ម៉ូតូម៉ាក់ ហុងដា ស៊េរី២០១៧ មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងទឹកទន្លេសាប ខាងត្បូងស្ពានបេឡេ ហើយរាយការណ៍ប្រាប់កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ចុះទៅយករក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ម៉ូតូមួយគ្រឿង នេះពាក់ផ្លាកលេខ ភ្នំពេញ 1GP-4947 ត្រូវបានជនមិនស្គាល់មុខ ដោះយកគ្រឿង (ខោអាវ)អស់។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកទៅស្ទូចត្រី នៅចំណុចក្រោមស្ពានបេឡេ ក៏បានប្រទះឃើញ ម៉ូតូមួយគ្រឿង ចេញតែដៃចង្កូត និងមើលឃើញកែបហើយ បានប្រាប់មិត្តភក្តិផ្អើលដល់អ្នកព័ត៌មានរាយការណ៍ប្រាប់កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារចុះទៅយក។

តាមសមត្ថកិច្ចកងរាជអាវុធហត្ថ មានការសង្ស័យថា ម៉ូតូនោះត្រូវក្រុមចោរលួចពីកន្លែងណាមួយ ដោយពុំហ៊ានយកទៅលក់ហើយយកទៅសំងំដោះយកគ្រឿង យកទៅលក់រួចយកទៅទំលាក់ក្នុងទឹកចោលតែម្តង។ ទោះបីជាយ៉ាងណា គេពុំដឹងថា ម៉ូតូនោះ ត្រូវជនសង្ស័យ លួចយកពីកន្លែងណា នោះទេ ។ សមត្ថកិច្ចក៏បានជូនដំណឹងផងដែរ ដល់ម្ចាស់ដែលបានបាត់ម៉ូតូដែលមានផ្លាកលេខខាងលើ បើទទួលបានដំណឹងសូមអញ្ជើញមកទំនាក់ទំនងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ៕

មតិយោបល់