ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរនាំគ្រោះថ្នាក់! ងោកមួយភាំង បុរសម្នាក់ បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ផ្អើលទាំងយប់

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣៧នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២០ ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់៣កង់ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

រថយន្តបង្កម៉ាកតូយ៉ូតាធុនដ្រា ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-2543 បើកបរដោយបុរសចំណាស់ មិនស្គាល់អត្តសញ្ញាណម្នាក់។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញបុរសខាងលើ បានបើករថយន្តក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីត្បូង ទៅជើង តាមបណ្ដោយផ្លូវព្រះមុនីវង្ស។ លុះមកដល់ចំណុចកើតហេតុ បានបើកបត់រថយន្តចូលផ្ទះ តែដោយសារងងុយគេងពេក ក៏ងោកមួយភាំងជ្រុលទៅបុកនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ ផ្នែកខាងឆ្វេង និងដាច់កាឡេកង់មុខ។

ដោយទ្បែកអ្នកបើករថយន្ត ពុំមានរងរបួសនោះទេ បន្ទាប់ពីបង្កហេតុ បានដើរទៅផ្ទះរបស់គាត់ នៅក្បែរនោះបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង ហើយធ្វើការស្ទូចវត្ថុតាង យកទៅរក្សាទុក បណ្ដោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនីតិវិធី៕

មតិយោបល់