ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានកិច្ចសហការពីមន្រ្តីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន០៣គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ ។
បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយចំនួន៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម ។ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តអនុវត្តតាមនីតិវិធី ។
អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ចដែលច្បាប់បានផ្តល់អាណត្តិ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារអ្នកប្រើប្រាស់ ទាំងផ្នែកសុខុមាលភាព ទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំគុណភាព សុវត្ថិភាពទំនិញ និងសេវា ដើម្បីអគ្គនាយកដ្ឋានចាត់វិធានការបានទាន់ពេលវេលា ៕
មតិយោបល់