បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចង ក នឹងឈ្វៀនឈើលើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល ។ សពជនរងគ្រោះត្រូវបានម្តាយរបស់នាងប្រទះឃើញស្លាប់នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ឈ្មោះ វិញ ញ៉ូវ ភេទស្រី អាយុ៣៣ឆ្នាំ ភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា បើតាមការរៀបរាប់បំភ្លឺពីស្ត្រីឈ្មោះ ប៉ិល វ៉ុន អាយុ៥៥ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតបានឲ្យដឹងថា កូនស្រីរបស់ខ្លួនមានជំងឺសរសៃប្រសាទចំនួន៥ឆ្នាំមកហើយ និងលេបថ្នាំជាប្រចាំដែរ ។ មុនដំបូងកូនស្រីរបស់ខ្លួនបានឡើងទៅលើផ្ទះចូលដេកដូចរាល់ដង លុះដល់វេលាម៉ោង១០និង១០នាទីយប់ គាត់ក៏បានឡើងទៅលើផ្ទះតាមមើលកូនរបស់ខ្លួន ដើម្បីសួរនាំពីការលេបថ្នាំសរសៃប្រសាទហើយឬនៅ និងទៅបិទភ្លើងផង លុះដល់ពេលឡើងទៅដល់លើផ្ទះស្រាប់តែឃើញកូនរបស់គាត់បានចង កនឹងក្រមាពណ៌ក្រហម ជាប់នឹងឈ្វៀនឈើលើផ្ទះ ពេលនោះគាត់ក៏បានស្រែកហៅកូនស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ វិញ សេរី អាយុ២៨ឆ្នាំ ឲ្យមកជួយស្រាយដាក់មកលើក្ដារ ដើម្បីជួយសង្គ្រោះដែរ តែកូនរបស់គាត់បានស្លាប់បាត់ទៅហើយ នៅក្បែរកន្លែងចងកមានកៅអីឈើមួយ ។
លោកអធិការ វរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន ក៏បានបង្កើតក្រុមការងារដែលមានសមាសភាពកម្លាំងនគរបាលផ្នែកពិនិត្យ និងវិភាគកន្លែងហេតុ នគរបាលផ្នែកព្រហ្មទណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលឈ្នួរមានជ័យ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈ្នួរមានជ័យ លោកមេឃុំឈ្នួរមានជ័យ មេភូមិឈ្នួរ និងម្ដាយបង្កើតរស់សាកសព ដើម្បីចូលរួមពិនិត្យ និងធ្វើកោសល្យវិច្ច័យឃើញថា លើខ្លួនសពពុំមានស្លាកស្នាមអ្វីទាក់ទងនឹងឃាតកម្មនោះទេ ។ សពត្រូវបានប្រគល់ជូនម្តាយ និងសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោយពីពិនិត្យរួច ៕
មតិយោបល់