កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ យកដាវកាប់ទៅលើបុរសម្នាក់ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ បណ្ដាលឲ្យរងគ្រោះរងរបួសយ៉ាងដំណំ បន្ទាប់ពីកាប់រួចជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។
ករណីនេះកើតឡើងនៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចដំរីស្រុត ស្ថិតក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា២នាក់ ពុំស្គាល់អត្តសញ្ញាណ ។ ដោយឡែកសម្ភារ:បាត់បង់មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុន125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងឈ្មោះ ឡេង លីណា ភេទស្រី បានជិះម៉ូតូ មកផឹកស្រានៅសួនដំរីស្រុត ស្ថិតក្នុងភូមិក្តីចាស់ ឃុំព្រែកលួង លុះមកដល់វេលាម៉ោង២៣និង០០នាទីថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូឌុបឈ្មោះ ឡេង លីណាត្រឡប់ទៅផ្ទះវិញ ពេលជិះចេញបាន២០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកតាមពីក្រោយ ហើយជនសង្ស័យ ម្នាក់បានយកដាវកាប់លើជនរងគ្រោះជាច្រើនដាវ បណ្តាលឲ្យ រងរបួស និងដួលម៉ូតូទៅលើផ្លូវ បន្ទាប់មក ជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួន បកមកក្រុមហ៊ុន 7NG វិញ ។
ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅព្យបាល របួសនៅគ្លីនិចឯកជននៅឃុំអរិយក្សត្រ ស្រុកល្វាឯម ។
ករណីនេះ កម្លាំងអធិការដ្ឋានសហការជាមួយនគរបាលប៉ុស្តិ៍ព្រែកហ្លួង, វិហារសួគ៌ និងប៉ុស្តិ៍សន្លុង ចុះអត្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យចាត់ការតាមច្បាប់ ៕
មតិយោបល់