ព័ត៌មានជាតិ

អ្នករើសអេតចាយម្នាក់ ត្រូវចោរប្រើល្បិចសួរនាំភ្លេចខ្លួន ស្រាប់តែឆក់កាបូបទៅបាត់ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទី មានករណីចោរឆក់កាបូបស្ថិតក្នុងភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យ ឈ្មោះ ប៉ុក សុខរ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបបកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌកំបូល (គ្មានសារធាតុញៀន)

ដំណើររឿង៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទី ជនរងគ្រោះ បានជិះកង់ចេញពីផ្ទះជួល មករើសអេតចាយនៅមុខរោងចក្រស័ង្កសី ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌកំបូល នៅពេលកំពុងរើសអេតចាយ ជនរងគ្រោះបានព្យួរកាបូបលុយនឹងដៃកង់ ពេលនោះជនសង្ស័យ បានជិះម៉ូតូមកពីទិសខាងត្បូង រួចប្រើល្បិចកល ឈប់ម៉ូតូនៅជិតជនរងគ្រោះ ហើយសួរជនរងគ្រោះថា មានស្គាល់រោងចក្រផលិតសរសៃគុយទាវឬអត់ ឆ្លៀតឱកាសដែលជនរងគ្រោះភ្លេចខ្លួន ដោយរវល់តែជជែកឆ្លងឆ្លើយជាមួយជនសង្ស័យនោះ ស្រាប់តែជនសង្ស័យកញ្ឆក់យកកាបូប របស់ជនរងគ្រោះដែលព្យួរនឹងដៃកង់ ជិះគេចខ្លួនសំដៅទៅផ្លូវជាតិលេខ៤ ខណ:នោះជនរងគ្រោះបានស្រែកឆោឡោ ស្របពេលដែលកម្លាំងសមត្ថកិច្ចល្បាត ស្ទាក់ចាប់បានយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោកតែម្ដង។ ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបរបស់ជនរងគ្រោះពិតប្រាកដមែន។

សម្ភារ:រួមមាន៖
កាបូបរបស់ជនរងគ្រោះ ០១ (មានលុយចំនួន ១,៦០០ ដុល្លារ)
ម៉ូតូម៉ាក Zoomer ស៊េរី២០១៧ ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1FE-9942។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់
ចំពោះកាបូប និងប្រាក់ដុល្លារបានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់