ព័ត៌មានជាតិ

អាសូរណាស់! ប្ដីស្លាប់ ប្រពន្ធរងរបួសធ្ងន់ ក្រោយជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៥០នាទី ពីរនាក់ប្តីប្រពន្ធជិះម៉ូតូឆ្លងថ្នល់ មិនបានប្រយ័ត្នត្រូវរថយន្តបុកបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ និងប្តីបានស្លាប់ក្រោយពេលបញ្ជូលទៅដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយសារតែជនរងគ្រោះជាប្តីមានស្ថានភាពធ្ងន់ធ្ងរពេក ដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះជិវិតបាន។ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣.១៨៤ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ប្រាក់ ចាន់ដារ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឌុបប្រពន្ធឈ្មោះ កល់ ឧសភា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា (អ្នកទាំងពីរអត់មានពាក់មួកសុវត្ថិភាព) ដល់ចំណុចកើតហេតុខាងលើ បានឆ្លងថ្នល់បត់ទៅកើតបណ្តាលឲ្យរថយន្ត០១គ្រឿងម៉ាកនីសាន់ ពណ៍ទឹកប្រាក់ ផ្លាកលេខភ្នំពេញ២A-៣៣១៧ ធ្វើដំណើរពីលិចទៅកើត បានបុកពីរនាក់ប្តីប្រពន្ធដែលកំពុងជិះម៉ូតូឆ្លងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់។
រីឯអ្នកបើកបរបានរត់គេចបាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទាំងពីរទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ នគរបាលមូលដ្ឋានបានធ្វើការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយកត្តាធ្វេសប្រហែលដោយឆ្លងថ្នល់មិនប្រយ័ត្ន។ ចំពោះរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់