ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ បណ្ដាលឲ្យស្លាប់ ២នាក់ ម្ដាយកូន ខណៈឪពុកបាត់មុខពីមូលដ្ឋាន

បាត់ដំបង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា គ្រោះអគ្គិភ័យមួយដែលស័ង្សយជាករណីឃាតកម្មនៅស្រុកថ្មគោល ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៖
នៅវេលាម៉ោង ០១ និង៤០នាទីរំលងអធ្រាត្រនារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មានគ្រោះអគ្គិភ័យមួយបានកើតឡើង ក្នុងលំនៅដ្ឋានមួយ ស្ថិតនៅក្រុមទី១២ ភូមិបន្សាយត្រែង ឃុំបន្សា យ ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែល លំនៅ ដ្ឋាននេះសាងសង់អំពីឈើ ប្រក់ដំបូលរួមទាំងជញ្ជាំងដោយសង្ក័សី មានម្ចាស់ឈ្មោះ យៃ ឡើយ ភេទប្រុស អាយុ ៥២ឆ្នាំ ។

ក្នុងពេលអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ត្រូវបានអ្នកភូមិផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ហើយភ្លាមៗរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលចេញអន្តរាគមន៍ជួយពន្លត់ជាបន្ទាន់ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការ នគរបាលស្រុកថ្មគោល ។

ក្រោមកិច្ចអន្តរាគមន៍ពន្លត់បែបនេះ អគ្គិភ័យបាន រលត់ទាំងស្រុង ហើយនៅពេលនោះសមត្ថិកិច្ចបានប្រទះឃើញសាកសពមនុស្សចំនួន០២ នាក់ ស្ថិតនៅក្នុងលំនៅដ្ឋានកើតហេតុខាងលើ ដែលត្រូវបានអគ្គិភ័យឆាបឆេះមើលលែងស្គាល់អត្តសញ្ញាណទៅហើយ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំនៅក្នុងលំនៅដ្ឋាននេះផងដែរ។

សូមកត់សម្គាល់ថា នៅពេលសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់អគ្គិភ័យនេះឈ្មោះ យៃ ឡើយ ជាប្តីនិង ជាឪពុក ហើយជាម្ចាស់ផ្ទះមិនឃើញស្ថិតនៅ ទីនោះទេ។ ដោយសារមានសាកសពមនុស្សស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះ ឯកឧត្តម ឧត្តមសេ នីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានបញ្ជាទៅលោកវរ សេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋានដឹកនាំធ្វើ ការ ស្រាវជ្រាវលើបញ្ហានេះ ហើយនៅវេលា ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នេះលោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា បានដឹកនាំធ្វើការពិនិត្យ លើសាកសពដែលស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះហើយឆ្លងតាមរយ:ការពិនិត្យដោយល្អិតល្អន់ និងយកចិត្តទុកដាក់បំផុតនេះកំណត់ បានថាសាកសពទាំងពីរនោះគឺ៖
១-ឈ្មោះ គិម ធឿន ស្រី អាយុ ៥២ ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ យៃ ឡើយ ម្ចាស់ផ្ទះកើតហេតុ
២- ឈ្មោះ គិម សៀវម៉ី ភេទស្រី អាយុ ១៨ ឆ្នាំ ជាកូនម្ចាស់ផ្ទះ
លទ្ធផលនៃការពិនិត្យបានឱ្យដឹងទៀតថា នៅ លើខ្លួនសាកសពរបស់ជនរងគ្រោះទាំងពីរនាក់ នេះ មានស្លាកស្នាមរបួសផ្នែកក្បាលនិងផ្នែកក ដែលតាមរយ:លទ្ធផលនេះ សមត្ថកិច្ចនគរបាល បានវាយតម្លៃនិងសន្និដ្ឋានបានថា ករណីអគ្គិភ័យដែលបានកើតឡើងនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក្នុងលំនៅដ្ឋានខាងលើគឺអាចជាករណី (ឃាតកម្ម)ច្រើនជាង។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា បានបញ្ជាក់ នៅមុននេះថាពេលនេះសមត្ថកិច្ចនគរបាលកំពុង ធ្វើការស្រាវជ្រាវយ៉ាងសកម្មដើម្បីស្វែងរកឈ្មោះ យៃ ឡើយ ដែលត្រូវជាប្តីនិងជាឪពុកដែលកំពុងបាត់មុខពីមូលដ្ឋាន ហើយក៏ជាមនុស្សដែលស្ថិតក្នុងការសង្ស័យចំពោះករណីខាងលើ នេះហើយ ។(រូបភាពនគរបាលស្រុកថ្មគោលក្រុមការងារប្រតិកម្មរហ័ស)By kosal!@@@

មតិយោបល់