ព័ត៌មានជាតិ

Update៖ គួរឲ្យសង្វេគណាស់ តែមួយពព្រិចភ្នែកសោះ យុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈពីរនាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: ម៉ូតូ ២គ្រឿង បុកគ្នាស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ហៅផ្លូវឡុងឈឹន ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សែម សល់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បានស្លាប់ និងម្នាក់ទៀត ឈ្មោះ ហ៊ាង សុនី ភេទប្រុស អាយុ១៦ឆ្នាំ របួសធ្ងន់ អ្នកទាំងពីរជាកម្មកររោងសិប្បកម្មសាគូរ៉ា ក្នុងខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាកនិក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IB-7579។

ជនរងគ្រោះឈ្មោះ ឡាំង ស៊ីនាង ភេទប្រុសអាយុជាង ៣០ ស្នាក់នៅឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1B-0089។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញម៉ូតូនិច ជិះដោយយុវជនពីរនាក់ បានធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវបេតុងឡុងឈឹន។ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកវីវ៉ាជិះដោយបុរសម្នាក់ បានមកបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងខាងលើ ទាក់ទងជំនាញឲ្យចុះវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់