ព័ត៌មានជាតិ

នាយការិយាល័យគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ និងបក្ខពួក ត្រូវសមត្ថកិច្ចចាប់ខ្លួន

តាកែវៈ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម។

រួចបន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះទៅឆែកឆេរ ក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួន ២ទីតាំង៖

ទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។

ទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាង បានម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន ០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។

ជនសង្ស័យឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) និងជនសង្ស័យឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ បានជួញដូរគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

មតិយោបល់