ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ខ្ចីម៉ូតូមិត្តភ័ក្តិជិះ លួចដោះគ្រឿងម៉ូតូលក់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ករណី រំលោភលើទំនុកចិត្ត ជនសង្ស័យម្នាក់ ខ្ចីម៉ូតូមិត្តភ័ក្តិជិះ លួចដោះគ្រឿងម៉ូតូលក់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចរោងទឹកត្នោតជូ ផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ញ៉ឹប គោ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងដែក ជនជាតិខ្មែរ ទីលំនៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យម្នាក់ឈ្មោះ យឹម សារីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកំពង់ស្ពឺ1Q-8413 មានលេខតួ និងលេខម៉ាស៊ីន 5715587 ។

ហេតុការណ៍ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះឈ្មោះ ញ៉ឹប គោ ភេទប្រុស អាយុ៣៩ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកំពង់ស្ពឺ1Q-8413 មានលេខតួ និងលេខម៉ាស៊ីន 5715587 ចេញពីផ្ទះ ស្ថិតនៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកជួបជនសង្ស័យឈ្មោះ យឹម សារីម ភេទប្រុស អាយុ៣៨ឆ្នាំ និយាយពិភាក្សារឿងការងារជាមួយគ្នា នៅរោងទឹកត្នោតជូ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលមកដល់ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកទឹកត្នោតជូនិយាយគ្នា រហូតដល់វេលាម៉ោងប្រហែល១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះប្រាប់ថា ខ្ចីជិះទៅបើកលុយមួយភ្លែត ដោយជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា ទើបជនរងគ្រោះប្រគល់កូនសោម៉ូតូឱ្យជនសង្ស័យជិះចេញទៅបាត់ ។ ហើយជនរងគ្រោះនៅរង់ចាំជនសង្ស័យចាំបាត់ៗ មិនឃើញយកម៉ូតូមកប្រគល់ឱ្យជនរងគ្រោះវិញ ទើបនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះក៏បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតែម្តង ។

លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះបានរកឃើញជនសង្ស័យកំពុងធ្វើការនៅក្នុងសិប្បកម្មកញ្ចក់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចជនរងគ្រោះក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកំពង់ស្ពឺ1Q-8413 មានលេខតួ និងលេខម៉ាស៊ីន 5715587 យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ រួចយកទៅដោះគ្រឿងលក់បានលុយចំនួន៤០ដុល្លារអាមេរិក យកទៅលេងល្បែងហ្គេមបាញ់ត្រី ប្រាកដមែន ហើយដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់