ព័ត៌មានជាតិ

ហង្ស វុទ្ធី មនុស្សជំនិត លោក ហេង ពៅ អតីតមេប៉ូលិសក្រុងភ្នំពេញ ត្រូវយមរាជ ឆក់យកជីវិត ព្រោះរោគក្រិនថ្លើម

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងតាមទូរសព្ទនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះថា ឈ្មោះ ហង្ស វុទ្ធី ហៅ យមរាជ បានស្លាប់ កាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ គ្រាដែលរូបគេត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ឈ្មោះ ហង្ស វុទ្ធី ហៅ យមរាជ ស្លាប់ដោយសារជំងឺក្រិនថ្លើម ក្រោយសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសលវិច័យរួច សពរបស់ ហង្ស វុទ្ធី ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។

សូមជម្រាបជូនថា ព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ ឈ្មោះ ហង្ស វុទ្ធី ហៅ យមរាជ បានបែកធ្លាយ បន្ទាប់ពី មានគណនីហ្វេសប៊ុកមួយឈ្មោះ Heng Nich ជាប្អូនស្រី ឈ្មោះ ហង្ស វុទ្ធី បានបង្ហោះសារជាអក្សរ និងភ្ជាប់ ដោយរូបភាពសព និងពិធីបុណ្យសព របស់ ហង្ស វុទ្ធ ” បងប្រុសទី២នាងខ្ញុំ ឈ្មោះ ហង្ស វុទ្ធី ហៅ យមរាជបានស្លាប់ហើយ នៅមន្ទីរពេទ្យរុស្ស៊ី វេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ នាងខ្ញុំឈ្មោះ សុខ សុភ័ណ្ឌ ត្រូវជាប្អូនស្រីគាត់ សុំអំពាវនាវដល់សម្ដេច តេជោ ហ៊ុនសែន មេត្តាដោះលែងបងប្រុសទី៣នាងខ្ញុំឈ្មោះ ហង្សវត្ថា ដើម្បីឲ្យបងប្រុសនាងខ្ញុំមកធ្វើបុណ្យសព និង ជួបបងប្រុស ហង្ស វទ្ធី ជាចុងក្រោយ។ សុំឲ្យសម្តេច តេជោ ហ៊ុន សែន មេត្តាអនុគ្រោះដោះលែងបងប្រុសនាងខ្ញុំផង។”

ហង្ស វុទ្ធី ហៅ យមរាជ គឺជាអតីតនគរបាលព្រហ្មទណ្ឌ ជាមនុស្សជំនិត របស់ លោក ហេង ពៅ អតីតស្នងការ នគរបាលរាជធានីភ្នំពេញ ដែលកំពុងជាប់គុក រឿង ឃាតកម្ម លើលោកចៅក្រម សុខ សេដ្ឋាមុនី និងប៉ុនប៉ងឃាតកម្ម លើលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីអំឡុងឆ្នាំ ២០០៣។

កាលពីឆ្នាំ២០០៩ ហង្ស វុទ្ធី ហៅ យមរាជ ត្រូវបាន លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកំបាំងមុខ ផ្តន្ទាទោស ដាក់ ពន្ធនាគារកំណត់រយៈពេល ១៥ឆ្នាំ ពី បទ ប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន លើលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក ហង្ស វុទ្ធី ហៅយមរាជ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន កាលពីអំឡុងឆ្នាំ២០០៤ យកទៅដាក់គុក ប៉ុន្តែរូបគេ បានលួចរត់ចេញពីគុក ក្រោយមករូបគេបានរត់ចូល ទៅក្នុងស្នាក់ការអង្គការសិទ្ធិមនុស្ស លីកាដូ ឲ្យជួយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ក៏ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅឃុំនៅពន្ធនាគារសារជាថ្មីម្តងទៀត រហូតដល់ថ្ងៃស្លាប់៕

មតិយោបល់