ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ទឹកដោះគោ តែ ខ្ទឹម ងៀតបបែល ថ្នាំដុសធ្មេញ…ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើ

ស្វាយរៀង: នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ៣៣ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ដូចជា៖
-ទឹកដោះគោ ចំនួន ១៦ កំប៉ុង
-តែបញ្ចប់ ចំនួន ២៣ កញ្ចប់
-ថ្នាំដុសធ្មេញ ចំនួន ៧ ប្រអប់
-ទឹកក្រូច ចំនួន ១២ កំប៉ុង
-ខ្ទឹមស ចំនួន ១ កញ្ចប់ ស្មើនឹង ៥ គីឡូក្រាម
-ងៀតបបែល ចំនួន ២ គីឡូក្រាម។

បន្ទាប់មក មន្រ្តីសាខា ក.ប.ប បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់