ព័ត៌មានជាតិ

ល្បិចចោរដដែល តែនៅអាចបោកបានជាហូរហែរ!

ភ្នំពេញ: យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងថា ជានិច្ចកាលសមត្ថកិច្ច តែងតែបង្ក្រាបករណីឆបោកឲ្យផ្ញើលុយតាមវីងជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះទៅបោកប្រាស់អ្នកផ្សេងទៀតបាន ក្នុងនោះផងដែរសូម្បីតែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការ:ដែលនៅសុខៗ មកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់។

ទោះបីមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរដដែលៗ នេះជាដដែល។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី5 ខែមិថុនា ឆ្នាំ2020នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូនជនឆបោកឲ្យផ្ញើលុយតាមវីងពីរនាក់គូរកន ជនជាតិនីហ្សេរីយ៉ា ភេទប្រុស ឈ្មោះ IWUJI DES MOND អាយុ 31ឆ្នាំ និងជនជាតិខ្មែរ ភេទស្រី ឈ្មោះ ញឹក សារ៉ាត អាយុ 35ឆ្នាំ ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីពួកគេទាំងពីរនាក់ បានរៀបគម្រោងបោកប្រាស់ជនរងគ្រោះម្នាក់ ភេទស្រី អាយុ 47ឆ្នាំ ឲ្យផ្ញើលុយទៅពួកគេជាបន្តបន្ទាប់ចំនួន 3ដង សរុប 8,500$ តែជនរងគ្រោះទើបតែផ្ញើបាន3,500$ ក៏មានការសង្ស័យ ទើបប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ កំណត់មុខសញ្ញាជនសង្ស័យបាន រហូតឈានដល់ធ្វើការឃាត់ខ្លួនជាក់ស្ដែងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។

ល្បិចកលដែលជនល្មើសទាំងពីរនាក់ខាងលើ បានប្រើសម្រាប់ធ្វើការឆបោកជនរងគ្រោះ គឺមិនខុសពីល្បិចជនល្មើសមុនៗទេ ដោយដំបូងឡើយពួកគេបានប្រើអាក់ខោនហ្វេសប៊ុក ជាឈ្មោះបរទេស (She feek Wilson) ទំនាក់ទំនងមកកាន់ជនរងគ្រោះ ដោយប្រាប់ថា រូបគេរស់នៅសហរដ្ឋអាមេរិក។ បន្ទាប់ពីបានឆាតរកគ្នាទៅវិញទៅមកអស់រយ:ពេល 03ខែ ជនល្មើសក៏បានប្រាប់ទៅជនរងគ្រោះថា គាត់ជិតចូលនិវត្តន៍ហើយ ដោយស្រលាញ់ចូលចិត្ត និងមាននិស្ស័យជាមួយជនរងគ្រោះ គាត់ចង់ផ្ញើប្រាក់មកឲ្យជនរងគ្រោះ ដើម្បីទិញផ្ទះនៅស្រុកខ្មែរ ទុកសម្រាប់ពេលគាត់មកលេងស្រុកខ្មែរមានផ្ទះនៅស្រាប់ ហើយគាត់ប្រាប់ទៀតថា ពេលគាត់ផ្ញើលុយមក នឹងឲ្យគេទំនាក់ទំនងមកជនរងគ្រោះតាមទូរស័ព្ទ ហើយជនរងគ្រោះក៏ប្រាប់លេខទូរស័ព្ទទៅជនល្មើស។

ក្រោយមកប៉ុន្មានថ្ងៃក៏មានលេខទូរស័ព្ទ 096 388 5014 បានហៅមកកាន់ជនរងគ្រោះ ឲ្យផ្ញើលុយទៅគេ ដើម្បីរៀបចំឯកសារដកប្រាក់ដែលគេផ្ញើមកពីសហរដ្ឋអាមេរិក ពេលនោះជនរងគ្រោះបានប្រាប់ទៅវិញថា ជួយដឹកជញ្ជូនលុយទាំងនោះមកដល់ផ្ទះរបស់ខ្លួនមក តែគេប្រាប់វិញថា ទាល់តែផ្ញើលុយទៅរៀបចំឯកសារត្រឹមត្រូវ ទើបដកលុយបាន។
– ដូច្នេះនៅវេលាម៉ោង 12និង00នាទី ថ្ងៃទី25 ខែឧសភា ឆ្នាំ2020 ជនរងគ្រោះបានផ្ញើលុយទៅជនល្មើសតាមទ្រូម៉ាន់នី ចំនួន500$ ដោយគេប្រាប់ថារត់ការតាមស្ថានទូត។
– ពេលផ្ញើលុយរួចហើយ នៅវេលាម៉ោង 14និង00នាទី ថ្ងៃដដែល ជនរងគ្រោះបានផ្ញើលុយទៅជនល្មើសម្ដងទៀតតាមវីង ចំនួន2,500$ ដោយគេប្រាប់ថាដើម្បីរត់ការតាមរយ:គយ។
– លុះដល់ម៉ោង 16និង00នាទី ថ្ងៃដដែល ជនល្មើសបានប្រាប់ឲ្យជនរងគ្រោះផ្ញើលុយចំនួន 5,500$បន្ថែមទៀត ទើបធ្វើឯកសាររួចរាល់ តែដោយជនរងគ្រោះស្ដាប់ច្រទ្បំ ក៏ផ្ញើលុយទៅជនល្មើសតែ500$ ស្រាប់តែជនល្មើសបានទូរស័ព្ទមកម្ដងទៀតឲ្យផ្ញើលុយបន្ថែម5,000$ ទើបអាចដកលុយពីសហរដ្ឋអាមេរិកបាន តែដោយជនរងគ្រោះគ្មានប្រាក់ផ្ញើទៅទៀត និងមានការសង្ស័យផងនោះ ក៏បានដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចតែម្ដង។

ក្រោយពេលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់នាថ្ងៃទី02 ខែមិថុនា ឆ្នាំ2020 និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី04 ខែមិថុនា ឆ្នាំ2020។

សេចក្ដីលោភលន់ដោយគ្មានការពិចារណា រមែងជួបនូវការខាតបង់តាមក្រោយជាដរាប!
#PhnomPenhGRK

មតិយោបល់