ព័ត៌មានជាតិ

បុរសកសិករម្នាក់ បើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន ដួលខ្ទាតចូលក្រោមរថយន្ត បណ្តាលឲ្យកិនស្លាប់

កណ្តាល: នៅថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកវ៉ាជែង បណ្តាលឲ្យដួលចូលក្រោមរថយន្ត កិនស្លាប់ម្នាក់ ម៉ូតូខូចខាត០១គ្រឿង នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ ៤៣-៤៤ ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូម៉ាក HONDA DREAM 110 សង់ប៊ិច ស៊េរីឆ្នាំ០១៨ ពណ៌ខ្មៅ ពាក់ផ្លាកពោធិសាត់ 1E-១៣.៧៤ បើកបរដោយឈ្មោះ ផាត សុផេន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ័ ខេត្តព្រៃវែង មានអ្នករួមដំណើរឈ្មោះ ថន រដ្ឋធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយ ពុំមានរបួស ម៉ូតូរងការខូចស្រាល០១គ្រឿង មានទិសដៅពីអ្នកលឿង ទៅភ្នំពេញ ។ ពេលមកដល់ចំណុចកើតហេតុ បានវ៉ាឡើងលើកន្លងផ្លូវរថយន្ត បានប៉ះដៃចង្កូតម៉ូតូនិងរថយន្តតួរីស ដួលខ្ទាតចូលក្រោមរថយន្តម៉ាក HONO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D 3272 បើកបរដោយឈ្មោះ គង់ ភារុំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅនឹងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចាប់បាន យកទៅឲ្យសមត្ថកិច្ចនគរបាល ។ ចំណែកសាកសពជនរងគ្រោះ រង់ចាំសាច់ញាតិ យកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ វត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់