ព័ត៌មានជាតិ

ក្រុមបក្ខពួកចោរស្រី-ប្រុស ធ្វើសកម្មភាព វាយប្លន់បុរសកម្មករសំណង់២នាក់ យកសម្ភារៈនិងម៉ូតូ ឃាត់ខ្លួនបានម្នាក់

ភ្នំពេញ: បុរសកម្មករសំណង់២នាក់ ត្រូវក្រុមបក្ខពួកចោរស្រី-ប្រុសជាច្រើននាក់ ធ្វើសកម្មភាព វាយប្លន់យកសម្ភារ:និងម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៩៤ កែងផ្លូវ១៣ ស្ថិតក្នុងភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះ១-ឈ្មោះ ឆុន ឆើត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការសំណង់ មានទីលំនៅភូមិទួលវិហារមានជ័យ ឃុំក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ២-ឈ្មោះ ហោ វិសាល ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវាលបំពង់ ឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះជាមួយនឹងមិត្តភក្តិមានគ្នា២នាក់ បានចេញពីកន្លែងធ្វើការសំណង់ រួចក៏ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1H7458 ជិះឌុបគ្នាចេញពីមជ្ឈមណ្ឌលកោះពេជ្រ រួចហើយគោលបំណងទៅវត្តភ្នំ ជិះដើរលេងបានមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានស្រីៗ៣នាក់ មិនស្គាល់អត្តសញ្ញាណ បានមកកាត់ម៉ូតូពីមុខ រួចហើយម្នាក់ទៀតបានឡើងជិះពីក្រោយ ចំណែកឯម្នាក់ទៀតបានកាក់ពីជំហៀង ហើយនិយាយថា ចង់បបួលជនរងគ្រោះ២នាក់ ទៅដេកជាមួយ ប៉ុន្តែជនរងគ្រោះអត់មានលុយ ហើយនិយាយថា អត់ទៅទេ ។ ភ្លាមៗនោះដែរ ជនរងគ្រោះភ្លេចខ្លួន ស្រាប់តែបាត់សម្ភារ: ដូចជាកាបូបលុយ សរុបជាទឹកប្រាក់៤០ដុល្លារ និងលុយខ្មែរចំនួន៤ម៉ឺនរៀល ថែមទាំងអត្តសញ្ញាណប័ណ្ណមួយនិងទូរស័ព្ទដៃមួយគ្រឿង ។ ហើយពេលនោះ ជនសង្ស័យបានឆ្លៀតឱកាសលួច រួចហើយក៏នាំគ្នារត់គេចខ្លួនបាត់អស់ មួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ ដែលមានឈ្មោះ ហេង អ៊ិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅម្តុំអូឌឹម សង្កាត់កំបូល ខណ្ឌកំបូល ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខភ្នំពេញ 1CO1840 ជិះមកដល់ជិតជនរងគ្រោះ ហើយបានយកខ្សែច្រវាក់វាយក្បាលជនរងគ្រោះម្នាក់ឈ្មោះ ហោ វិសាល បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ពេលនោះជនរងគ្រោះ ក៏បានស្រែកថាចោរៗប្លន់ យកទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួរនាំនៅប៉ុស្តិ៍ស្រះចក ករណីនេះតែងតែកើតឡើងជាញឹកញ្ញាប់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ស្រះចក ដើម្បីឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ តាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកក្រុមបក្ខពួកជនសង្ស័យ ដែលបានរត់គេចខ្លួនននោះ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ស្រាវជ្រាវជាបន្តទៀត ៕

មតិយោបល់